ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយក្រដាសប្រាក់ក្លែងក្លាយនៅតូបលក់ដូរមួយកន្លែងក្នុងស្រុកស្វាយជ្រំ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិអញ្ចាញ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឡេង ពេញ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃព្រែក ឃុំម្រាមស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ចំណែកម្ចាស់តូបលក់ដូរមានឈ្មោះគួយ ចន្ធី(ហៅមុំ) ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអញ្ចាញឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបានបន្តថា ម្ចាស់តូបលក់ដូរបានប្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រាជ ថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានយកប្រាក់រៀលប្រភេទក្រដាស៥០០០០រៀល(ប្រាំមុឺនរៀល)ក្លែងក្លាយមកចាយបន្លំទិញអីវ៉ាន់របស់ខ្លួន។
ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រាជ បានចុះដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៥ព្រឹកខ្លួនបានឈប់សម្រាកពីធ្វើកម្មករកាត់ស្មៅ(ក្រុមហ៊ុនកៅស៊ូឈ្មោះប៉ាសុីហ្វិក) ខេត្តមណ្ឌលគិរី និងបានយកប្រាក់ចំនួន៥០០.០០០រៀល(ប្រាំសែនរៀល)ពីបុរសឈ្មោះ យ៉ុម ភេទប្រុសអាយុ៣៧ឆ្នាំ ធ្វើកម្មករជាមួយគ្នា។
ពេលយកប្រាក់បានហើយខ្លួនបានជិះម៉ូតូចេញពីខេត្តស្ទឹងត្រែងរហូតមកដល់ចំណុចតូបលក់ដូរស្ថិតនៅក្នុងភូមិអញ្ចាញ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួនក៏យកក្រដាសប្រាក់ប្រភេទ៥០០០០រៀលចេញពីហោប៉ៅមកទិញអីវ៉ាន់នៅតូបលក់មិនស្គាល់ឈ្មោះ ហើយពេលនោះម្ចាស់តូបលក់ដូរបានដឹងថាជាប្រាក់រៀលក្លែងក្លាយក៏ទូរស័ព្ទទៅប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីជនសង្ស័យឆ្លើយសារភាពរួច សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងដកហូតរួមមានក្រដាសប្រាក់ក្លែងក្លាយប្រភេទប្រាំមុឺនរៀលចំនួន៤០០.០០០រៀល(បួនសែនរៀល)ស្មើនឹងប្រាំបីសន្លឹក, ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ.ព១AU-៥១២៨ លេខតួនិងលេខម៉ាសុីន៨០០៥៥១០។
បច្ចុប្បន្នសមត្ថកិច្ចបានដកហូតវត្ថុតាងនិងឃាត់ខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖យឹម សុថាន