អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានទទួលស្គាល់ថា ការប្រឈមមុខនាពេលនេះរបស់ណាតូ គឺគ្រោះថ្នាក់ជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។
ប្រមុខដឹកនាំណាតូបានជំរុញឱ្យកិច្ចប្រជុំរបស់អង្គការណាតូនាពេលកន្លងមកក្នុងទីក្រុងម៉ាឌ្រីដថា សម្ព័ន្ធយោធាណាតូកំពុងស្ថិតនៅក្នុងដំណាក់កាលប្រឈមមុខតានតឹងជាមួយរុស្ស៊ីដោយផ្ទាល់ ។ ជាមួយគ្នានេះដែរ ណាតូនឹងបន្តផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនរហូតដល់ទៅយកឈ្នះ ប្រធានាធិបតីពូទីន នៅក្នុងសមរភូមិ។ ជាមួយគ្នានេះណាតូនឹងពង្រឹងការការពារសម្ព័ន្ធមិត្តក្នុងតំបន់។
ណាតូបានប្រកាសបង្កើនកម្លាំងទាហាននៅតាមបណ្តាប្រទេសជាប់ព្រំដែនរុស្ស៊ី ។ ការប្រឈមុខនាពេលបច្ចុប្បន្ន គឺសង្គ្រាមបណ្តាញ ព័ត៌មានមិនពិត អាវុធបច្ចេកវិទ្យាខ្ពស់ ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង យន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ សង្គ្រាមនៅប៉ូលខាងជើង សង្គ្រាមអវកាស…។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា ការប្រឈមគ្រោះថ្នាក់នាពេលនេះគឺលើសពីសម័យសង្គ្រាមត្រជាក់ទៅទៀត។ លោកក៏បានព្រមានរុស្ស៊ីថា រាល់ការឈ្លានពានណាមួយរបស់រុស្ស៊ីមកលើប្រទេសណាតូ នឹងបង្កឱ្យមានសង្គ្រាមដោយផ្ទាល់និងទ្រង់ទ្រាយធំ រវាងរុស្ស៊ីនឹងណាតូ ។ នៅពេលនេះណាតូបានបង្កើនកម្លាំងទាហានជាង៤ម៉ឺននាក់នៅតាមព្រំដែនជាប់ប្រទេសរុស៊ី ជាការត្រៀមលក្ខណៈការពារប្រទេសសមាជិកណាតូ៕ ដោយ៖ ធីរីណា
រូបថត ៖ Getty Images