ភ្នំពេញ៖ លោក ប៉ក់ គន្ធាណារ៉ូ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ ។ លុះនៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យខាងលេីនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្រោមការសាកសួររបស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា លោក ប៉ក់ គន្ធាណារ៉ូ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ «រំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ លោក អ៊ូ សូនាង ។
តាមដំណើររឿង គឺ ជនរងគ្រោះ បានទំនាក់ទំនងទិញគ្រឿងចក្រពីក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល និង ឈ្មោះ ប៉ក់ គន្ធាណារ៉ូ ជាប្រធានគ្រប់គ្រងទូទៅ ។
ក្រោយមក ជនរងគ្រោះ បានបញ្ជាទិញគ្រឿងចក្រចំនួន១៣គ្រឿង ហើយបានប្រគល់ប្រាក់ដំណាក់កាលទី១ ចំនួន១៩១,១៣០$ ហើយឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល បានចេញសែកចំនួន២សន្លឹក ដោយចុះកាលបរិច្ឆេទផ្សេងៗគ្នា ទុកឱ្យសម្រាប់បើកប្រាក់នៅពេលដល់កំណត់ ក្រុមហ៊ុនមិនមានគ្រឿងចក្រប្រាក់អោយឈ្មោះខាងជនរងគ្រោះ ។
ក្រោយមកទៀត ខាងក្រុមហ៊ុន មិនមានគ្រឿងចក្រប្រគល់ជូនជនរងគ្រោះតាមការព្រមព្រៀងនោះទេ ហើយសែកដែលក្រុមហ៊ុនចេញមកអោយជនរងគ្រោះក៏មិនមានសាច់ប្រាក់ ដែរ ពោលគឺ ជាសែកដែលគ្មានសាច់ប្រាក់ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច អោយមានការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង ។
ជាមួយគ្នានោះ ដើមបណ្តឹងរដ្ឋប្បវេណី ក៏បានសំណូមពរដល់ស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក ប៉ក់ គន្ធាណារ៉ូ កុំឱ្យមានការរត់ការដោះលែងឱ្យសោះ ព្រោះ លោក ប៉ក់ គន្ធាណារ៉ូ មិនទាន់បានសម្របសម្រួលណាមួយ ជាមួយដើមបណ្ដឹងនោះទេ៕
ដោយ៖សហការី