ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានលើកយកការស្រាវជ្រាវអំពី មនុស្សវិទ្យា និងសង្គមវិទ្យា ដើម្បីចែកជូនជាការពិចារណា ក្នុងឱកាសនៃការចូលរួមកាន់ទុក្ខជាមួយប្រជាជន ជប៉ុន។ ក្នុងនោះលោកបញ្ជាក់ថា, ការសិក្សាស្រាវជ្រាវអំពី៖ «ឃាតករសង្គម»ខ្ញុំសូមលើកយកការស្រាវជ្រាវអំពី មនុស្សវិទ្យា និងសង្គមវិទ្យា ដើម្បីចែកជូនជាការពិចារណា ក្នុងឱកាសនៃការចូលរួមកាន់ទុក្ខជាមួយប្រជាជន ជប៉ុន។ សាស្ត្រាចារ្យ លោក Micheal Mann ជនជាតិអាមេរិក បានសរសេរថា មនុស្សម្នាក់ ឬក្រុមមនុស្ស អាចក្លាយជា «ឃាតករ» (banality of evil ដែលជា ឃាតករកាចសាហាវ ឬជាឃាតករមុខស្រស់) នៅពេលគេស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖
១. ស៊ីឈ្នួលគេ (សម្លាប់មនុស្ស)
២. កាតព្វកិច្ច (ក្នុងការការពារ/ កងកម្លាំង)
៣. ស្តាប់បង្គាប់ (ក្នុងការទៅសម្លាប់មនុស្ស)
៤. ការប្រជែង (គ្រប់ទម្រង់សង្គម)
៥. ទំនាស់ផលប្រយោជន៍ (ក្នុងពាណិជ្ជកម្ម/ ជំនួញ)
៦. គោលនយោបាយ (របបដឹកនាំមួយចំនួនធ្វើឱ្យមនុស្សស្លាប់ ដោយសារការដាក់ចេញគោលនយោបាយខុស ឬមានវិបត្តិ)
៧. ការសងសឹក
៨. ជំងឺ ឬវិបល្លស (ពួករោគចិត្តនៅអាមេរិក បាញ់រះ ញឹកញាប់)
៩. ជំនឿងប់ងល់ (ទំនាស់សាសនា/ ពូជសាសន៍)
១០. ការធ្វេសប្រហែស (សំដៅលើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់មនុស្សរាប់ពាន់ ម៉ឺននាក់ក្នុងមួយឆ្នាំៗ)។
លោកថ្លែងបន្តថា, ខ្ញុំសូមទាញការកត់សំគាល់បន្ថែមដូចតទៅ៖
១- «របបហ្វាស៊ីស» កើតដំបូងនៅអឺរ៉ុប ដែលពេលនោះក្នុងប្រវត្តិសាស្ត្របង្ហាញថាមាននៅ អុីតាលី និងអាឡឺម៉ង់ ជាដើម។ ក្រោយមកទៀត ទម្រង់ហ្វាស៊ីស កើតមាននៅ អាស៊ី ហើយករណីខ្លះគេបានហៅវា «របបប្រល័យពូជសាសន៍»។ នៅ អាហ្វ្រីច ក៏មានរបបរើសអើងពូជសាសន៍ដែរ ដែលអាចសិក្សាបានអំពី south africa apartheid history។ ការត្រួតត្រារបស់ ពួកចក្រព័ត្ត និងការឈ្លានពាន របស់មហាអំណាច ក៏បណ្តាលឱ្យមនុស្សស្លាប់ច្រើនសម្បើមដែរនៅក្នុងភ្លើងសង្គ្រាម និងការទម្លាក់គ្រាប់បែក។
២- តើ «ភាពជ្រុលនិយម» កើតមាននៅក្នុងផ្នត់គំនិតមនុស្សដោយរបៀបណា? បើមិនបានស្វែងយល់ល្អិតល្អន់ គឺពិតជាមិនបានយល់។ គេថាក្នុងសង្គម «មានមនុស្សល្អ និងមនុស្សអាក្រក់ (good men and bad men)៖
• នៅក្នុងទំនាស់អារ្យធម៌៖ រវាងលោកខាងលិច និងអ្នកកាន់សាសនា មនុស្សជាច្រើនបានសុខចិត្តស្លាប់ខ្លួន ដើម្បីចូលទៅកម្ទេចលោកខាងលិច ឬអ្នកខ្លះសម្លាប់មនុស្សដោយកាត់ក្បាល ក្រោមសម្រែកថា ធ្វើដើម្បីព្រះ។
• នៅក្នុងជនបដិវត្តន៍៖ គឺមានភាពជ្រុលនិយមខ្ពស់ ដោយសារនៅក្នុងចិត្តនិងគំនិត បង្កប់ដោយ ហិង្សា គំនុំ និងការប៉ុនប៉ងសងសឹក។ ខ្មែរយើងចេះតែឆ្ងល់នឹងខ្លួនឯងថា ខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា និងមានស្នាមញញឹមពព្រាយសោះ ប៉ុន្តែហេតុអ្វី ខ្មែរជំនាន់ ប៉ុល ពត សម្លាប់មនុស្សសាហាវព្រៃផ្សៃម្ល៉េះ? ខ្ញុំមិនលាបពណ៌ទុកជាមុនទេ ប៉ុន្តែ សូមកុំមើលស្រាលគំនុំ នៅក្នុងអ្នកបដិវត្តន៍ ជួតក្បាល ដោយក្រម៉ា ឬដោយបូរណ៍។ នៅក្នុង នរវិទ្យា គេបានពន្យល់អំពី «អំណាចកាន់តែខ្លាំង សម្លាប់កាន់តែច្រើន (power kills: absolute power kills absolutely)។ គាត់មានត្រឹមដៃទទេរ គាត់ហ៊ានតស៊ូជាមួយកាំភ្លើង។ ចុះទម្រាំគាត់ក្លាយជាអ្នកមានអំណាចបញ្ជាកាំភ្លើង នោះហើយជាអ្វីដែល អំពើប្រល័យពូជសាសន៍កើតមានសម័យ ប៉ុល ពត នៃកម្ពុជាអតីតកាល។
• ពិភពលោក នឹងបន្តកើតមានទំនាស់ឥតឈប់ឈរ ដែលបច្ចុប្បន្ន ទំនាស់អធិបតេយ្យ ទំនាស់ទឹកដី ទំនាស់ពូជសាសន៍ បានពង្រីកទៅជាទំនាស់ភូមិសាស្ត្រនយោបាយ ទំនាស់សេដ្ឋកិច្ច និងទំនាស់បច្ចេកវិទ្យា។ មេរោគកូវីដ ទោះបីជាគេមិននិយាយជាទូទៅថា ជាមេរោគជីវសាស្ត្រ ក៏ដោយ ប៉ុន្តែវាកំពុងបានសម្លាប់មនុស្សរាប់លាននាក់លើពិភពលោក។ បន្តទៅមុខ ឃាតករសង្គ្រាម នៅតែវិញ្ញាសារពិបាកប៉ាន់ស្មាន៕
ដោយ៖សុខ ខេមរា