ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌសែនសុខ​ បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវចំនួន​០៦នាក់

ចែករំលែក៖

ភ្នំពេញ​៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៅថ្ងៃទី០៨ ខែកក្កដាម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ៥៥៥ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ និងចាប់យកវត្ថុតាង រួមមាន៖ ម៉ូតូចំនួន០៤គ្រឿង និងដាវ ចំនួន១ដើម។

របាយការណ៍​របស់​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យទាំង០៦នាក់ រួមមាន​៖​ ទី០១ឈ្មោះ៖ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា។ ,ទី០២ឈ្មោះ៖ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ,ទី០៣ឈ្មោះ៖ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា។ ,ទី០៤ឈ្មោះ៖ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ,ទី០៥ឈ្មោះ៖ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់។ និងទី០៦ឈ្មោះ៖ ម៊ី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ បប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា​ តាមដំណើររឿងហេតុ​ កាលពីវេលាម៉ោង០៣ និង០០នាទីយប់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 1047 មកពីហូបអី លុះមកដល់មុខផ្ទះជួល ស្រាប់តែមានជនសង្សយ័០១ក្រុម មានគ្នា០៨នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង ប្រដាប់ដោយដាវ០១ដើម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួច រត់គេចខ្លួនបាត់អស់។ បន្ទាប់ពីកើតហេតុកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ទីតាំង ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចក៏បន្តឃាត់ខ្លួនបានចំនួន០២នាក់ទៀតនៅចំណុចផ្សារទំនើបអ៊ីអន២។ រីឯបក្ខពួក០២នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖