ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទីព្រលប់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទ រក្សាទុក ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់មានឈ្មោះ ព្រាប សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុ ញៀននៅក្នុងខ្លួន) និងឈ្មោះ ហៀង ផល្លា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុ ញៀននៅក្នុងខ្លួន) ។
ក្នុងប្រតិបត្តិការការចុះបង្ក្រាបនោះដែរ វត្ថុតាងដកហូតបានរួមមាន៖ម្សៅមេតំហ្វេតាមីនចំនួន ៣៥កញ្ចប់ ឧបករណ៍ប្រើប្រាស់ និង សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរនៅតំណាងអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី