ភ្នំពេញ ៖ ថ្ងៃនេះម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១(មួយ) ថ្ងៃ។ នេះបើយោងតាមសារាចរ របស់ក្រសួងទេសចរណ៍ ស្តីពី ការចូលរូបកាន់ទុក្ខ ឯកឧត្តម អាបេ ស៊ីនហ្សូ (SHINZO ABE) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកាន់ទុក្ខចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្ដម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែល ត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលកន្លងមក ឯកឧត្តម បានបំពេញភារកិច្ច និងបេសកកម្មដ៏មាន សារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យ ទៅជាដៃគូរយុទ្ធសាស្ត្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវីស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធាន មនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដូចខាងក្រោម៖
១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១(មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
២.ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង រយៈពេល ១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់។
អាស្រ័យហេតុនេះ សូម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ខាងលើ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំ នេះឱ្យបានម៉ឹងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សុខ ខេមរា