ខេត្តមណ្ឌលគិរី ៖ បើទោះបីជាកម្លាំងមានសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ពួកឈ្មួញនៅតែប្រើប្រាស់គ្រប់វិធីកលល្បិចដើម្បីដឹកលួចនាំឈើឬគ្រឿងសង្ហារឹមចេញដោយមិនខ្លាចញញើត។ ជារឿយៗសមត្ថកិច្ចតែងតែបង្ក្រាបបានចំពោះសកម្មភាពល្មើសច្បាប់ទាំងនោះ។
ជាក់ស្ដែងនៅយប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ចាប់បានរថយន្តដឹកគ្រឿងឈើមានបំណងនាំចេញក៏ត្រូវបានស្ទាក់ចាប់ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និង កម្លាំងប៉ុស្តិ៍ស្រែខ្ទុម បានចាប់ឃាត់រថយន្តដឹកឈើកែច្នៃ ១ គ្រឿង បានដឹកឈើប្រភេទគ្រោងទ្វារ និង បង្អួចដែលគ្មានច្បាប់អនុញ្ញាត។
វត្ថុតាងរួមមាន ៖
១/.រថយន្ត ១ គ្រឿង ម៉ាកស្ការិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 .AQ 8865
២/. ទ្វារ ប្រភេទសុក្រំចំនួន ៧ សន្លឹក
៣/.គ្រោងទ្វារចំនួន ២៧ ដើម
៤/.គ្រែមុងចំនួន ១ គ្រឿង
រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ប្រគល់ ជូនទៅទីស្នាក់ការកណ្ដាលដែនអភិរក្សកែវសីមា ដើម្បីរក្សាទុក និងបន្តអនុវត្តចំណាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលស្រុកនិយាយថា កម្លាំងនគរបាលសហការជាមួយនឹងស្ថាប័នជំនាញផ្សេងៗប្រឹងប្រែងអស់លទ្ធភាពដើម្បីបង្ក្រាបបទល្មើសនៃការដឹកជញ្ជូនឈើ។យ៉ាងណាក៏ដោយពួកឈ្មួញក៏មានល្បិច កលច្រើននិងរូបភាពនាំឈើចេញ។ តែកម្លាំងនគរបាលបានសហការជាមួយកម្លាំងឧទ្យានុរក្សកែវសីមាតែងតែបង្ក្រាបបានជាញឹកញាប់ផងដែរ៕
ដោយ៖ សូរិយា