ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ តាមដងផ្លូវ ៦នាក់ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យ៦ នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី ។

ជនសង្ស័យទាំង៦នាក់ មាន ៖

១.ឈ្មោះ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

២.ឈ្មោះ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

៣.ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

៤.ឈ្មោះ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

៥.ឈ្មោះ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ 

៦.ឈ្មោះ មុី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ 

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៦ នាក់ តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ពាក់ពន្ធករណីធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ៥៥៥ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្តកិច្ចក៏បានចាប់យកវត្ថុតាង រួមមាន ម៉ូតូចំនួន៤គ្រឿង និងដាវ ចំនួន១ ដើម ។

 ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមា ណ៣ យប់ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនរង គ្រោះបានជិះម៉ូតូ១ គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 1047 មកពីហូបអី លុះដល់មុខផ្ទះជួល ស្រាប់តែមានជនសង្ស័យ១ក្រុម មានគ្នា៨នាក់ មធ្យោបាយម៉ូតូ ៤គ្រឿង ប្រដាប់ដោយដាវ១ ដើម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួចរត់គេចខ្លួនបាត់អស់ ។ បន្ទាប់ហេតុការនោះកើតឡើងកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៤នាក់ នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបន្តទៅឃាត់ខ្លួនបាន២នាក់ទៀត នៅចំណុចផ្សារទំនើបអ៊ីអន២ (សរុប៦ នាក់) និងនៅសល់បក្ខពួក២ នាក់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមរកចាប់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖