ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរដោយស្ត្រីជនជាតិចិនដូចគ្នាម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបម៉ាក LEXUS LX570 បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿងបើកដោយបុរសម្នាក់មកពីក្រោយគេចមិនទាន់កៀរពីចំហៀងបណ្ដាលឱ្យម៉ូតូដួលអូសទៅនឹងថ្នល់រងរបួសអ្នកបើកម៉ូតូយ៉ាងធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបព្រៃជីសាក់ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយស្ត្រីជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LEXUS LX570 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2B-0008 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំមកផ្លូវបេតុង រំពេចនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-9603ជិះដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយគេចមិនទាន់បានជ្រុលទៅកៀររថយន្តពីចំហៀងបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្របោកទៅនឹងថ្នល់រងរបួសអ្នកបើកម៉ូតូយ៉ាងធ្ងន់។ បន្ទាប់មករថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ