ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

  ខេត្ត​កោះកុង​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំង​អធិការ​នគរបាល​ស្រុកស្រែ​អំបិល​ បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

របាយការណ៍​ដដែល​បន្តថា​ លោក​វរ​សេនី​យ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុកស្រែ​អំបិល​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​គ្រឿងញៀន​ កម្លាំង​ព្រហ្មទណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែអំបិល​ ចុះ​ធ្វើ​រដ្ឋបាល​ចំណុច​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​វាល​ជើង​ កាលពីព្រឹកថ្ងៃទី​១១​ ខែកក្កដា​នេះ​​ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​ កំពុងប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ 

បន្ទាប់​មក​កម្លាំង​បាន​នាំ​យក​មក​សាកសួរ​និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ ។​ ជា​លទ្ធផល​ វិជ្ជមាន​ទាំង​៤​នាក់​ ហើយ​កម្លាំង​បាន​អប់រំ​ណែន​ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​​បញ្ឈប់​ប្រើប្រាស់​សារធាតុ​ញៀន​ រួច​ប្រគល់​ឱ្យ​​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត​ ។​

​ប្រភពដដែលបន្តថា​​ បន្ទាប់​មក​ទៀត​កម្លាំង​ធ្វើ​រដ្ឋបាល​ និង​ល្បាត​បន្ត​ដល់​ចំណុច​វត្ត​អង្គរ​ភ្នំ​ខ្លុង​ លុះនៅវេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក​ថ្ងៃ​ដដែល​​ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ចាស់​ម្នាក់​ទៀត​ឈ្មោះ​ ទី​ន​ តុង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ និង​បាន​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ២​កញ្ចប់​ធំ​ និង​១៥​កញ្ចប់​តូច​។​ 

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់ការ​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕​

ដោយ៖សហការី​


ចែករំលែក៖