ភ្នំពេញ ៖ បុរសពីរនាក់ចេញពីក្លិបកម្សាន្តបើករថយន្តលឿនរេចង្កូតទៅបុករះឡំប្រឺតា និងបន្តទៅបុករបងការដ្ឋានសំណង់នៅក្បែរនោះទៀតបណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥ទៀបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយវិថីព្រះសុធារស កែងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីម្ចាស់ឡំប្រឺតាបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកភ្ញៀវនារី២នាក់ធ្វើដំណើរតាមបណ្ដោយវិថីព្រះសុធារស ហើយបានឈប់ឡំប្រឺតាដើម្បីរង់ចាំភ្ញៀវចុះទិញអីវ៉ាន់ ពេលនោះស្រាប់តែមានឡំប្រឺតាមួយគ្រឿងទៀតមកឈប់ពីក្រោយឡំប្រឺតារបស់គាត់។ ប្រភពព័ត៌មានបន្តទៀតថា ខណៈនោះដែរស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BD-6494 បើកបរនិងរួមដំណើរដោយបុរស២នាក់ទើបនឹងចេញពីក្លិបកម្សាន្តហើយទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តយ៉ាងលឿនតាមបណ្ដោយវិថីព្រះសុធារសក្នុងទិសដៅពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះរេចង្កូតទៅខាងស្តាំបុករះឡំប្រឺតា២គ្រឿងនោះបណ្តាលឱ្យរងការខូចខាតតិចតួច រួចហើយរថយន្តបង្កបានបន្តទៅបុករបងការដ្ឋានសំណង់នៅក្បែរកន្លែងកើតហេតុធ្វើឱ្យរលំរបងស័ង្កសីមួយផ្ទាំង ចំណែករថយន្តវិញរងការខូចខាតមួយកំណាត់មុខ។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបានចេញមកសំពះសុំទោសម្ចាស់ឡំប្រឺតា ព្រមទាំងចរចាសងការខូចខាតទៅម្ចាស់ឡំប្រឺតា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ចំណែករបងការដ្ឋានសំណង់មិនទាន់មានដំណោះស្រាយនោះទេ ទើបសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនជាបណ្តោះអាសន្នរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាជាមួយខាងការដ្ឋាននៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ