ក្រុមជម្រើសជាតិនារីអង់គ្លេសបានបង្កើតទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល និងបំបែកកំណត់ត្រាដើម្បីធ្វើឲ្យគូប្រជែងន័រវេសស្រឡាំងកាំង ខណៈពួកគេបានឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ European Women’s Championship ក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល។
ក្រុមអង់គ្លេសបានបំបែកកំណត់ត្រាការប្រកួតរបស់ពួកគេផ្ទាល់ដើម្បីឈ្នះ ៨-០ នៅក្នុងអ្វីដែលត្រូវបានគេយល់ថា ជាការសាកល្បងដ៏ធំបំផុតរបស់ពួកគេក្នុងវគ្គចែកពូល។ ប្រទេសន័រវេសដែលជាប់ចំណាត់ថ្នាក់ទី១១លើពិភពលោកបានស្រឡាំងកាំងទាំងស្រុងដោយក្រុមអង់គ្លេសដែលលេងដោយមានទំនុកចិត្ត។
បន្ទាប់ពីការទទួលជ័យជម្នះយ៉ាងលើសលប់លើអូទ្រីស អង់គ្លេសបានចាប់ផ្តើមក្នុងទម្រង់លេងល្អ ប៉ុន្តែបន្ទាប់ពីកីឡាការិនី Georgia Stanway បានស៊ុតបាល់ប៉េណាល់ទីនៅ១២នាទីដំបូងដែលជាគ្រាប់នាំមុខន័រវេស។ក្នុងរយៈពេលកន្លះម៉ោង Lauren Hemp និង Ellen White បានបន្តការនាំមុខឲ្យក្រុមជម្រើសជាតិអង់គ្លេសបន្ថែមទៀតធ្វើឲ្យមានភាពរំភើបកំពុងញ័រជុំវិញកីឡដ្ឋាន Amex ។
ក្រុមអង់គ្លេសបានដាក់សម្ពាធលើក្រុមន័រវេសបន្ថែមទៀត ហើយកីឡាការិនី Beth Mead ស៊ុតបាន៣គ្រាប់ និង Alessia Russo រកបាន១គ្រាប់ ខណៈWhite រកបានគ្រាប់ទី២ដើម្បីឈានទៅរកគ្រាប់បាល់តែ១គ្រាប់ទៀតស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Wayne Rooney នៅអង់គ្លេស។
ការទទួលជ័យជម្នះ ៦-០ របស់ក្រុមជម្រើសជាតិអង់គ្លេសលើស្កុតឡេនកាលពីឆ្នាំ២០១៧គឺជាកម្រិតឈ្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ប៉ុន្តែការប្រកួតជាមួយក្រុមន័រវេសបានតាមស្មើវិញត្រឹមពាក់កណ្តាលតង់ទី១ និងធ្វើបានកំណត់ត្រាថ្មីពេលចូលដល់តង់ទី២នៃការប្រកួតនេះ។
ជ័យជម្នះ ៨ទល់០ លើក្រុមន័រវេសនេះបានធ្វើឲ្យអង់គ្លេសឈរលេខ១ក្នុងពូល A មាន៦ពិន្ទុពេញពី២ប្រកួតកន្លងមក ខណៈដែលក្រុមអូទ្រីសឈរចំណាត់ថ្នាក់លេខ២ មាន៣ពិន្ទុស្មើជាមួយនឹងន័រវេសដែលមាន៣ពិន្ទុដែរ។ ការប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ European Women’s Championship នឹងត្រូវធ្វើឡើង១ប្រកួតទៀត ដែលអង់គ្លេសមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គបន្ត ដោយត្រូវប៉ះក្រុមអៀរឡង់ខាងជើងនៅថ្ងៃទី១៦ ខែកក្កដាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)