ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតជាច្រើនកង់ ចំណែករថយន្តដាច់កាឡេកង់ ទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកFord Raptor ពាក់ស្លាខលេខភ្នំពេញ 2BN-2886 បើកតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតជាច្រើនកង់ ចំណែករថយន្តដាច់កាឡេកង់ ទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ