ខេត្តបាត់ដំបង ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា មនុស្ស៤នាក់នោះត្រូវបញ្ចប់ការសួរនាំនៅកន្លែងនគរបាល តែត្រូវបញ្ជូនបន្ដចំនួន៣នាក់មកសួរនាំនៅតុលាការ។ លោកបន្ដថា ម្នាក់ដែលត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនោះជាប្រពន្ធរបស់បុរសម្នាក់ជាអ្នកយកបាយឱ្យអ្នកតវ៉ា។
សូមជម្រាបថា មនុស្សប្រុសស្រី ទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានមនុស្ស២នាក់ជាអ្នកយកបាយទឹកចែកជូនដល់ក្រុមបាតុករ និងមនុស្សចំនួន ២នាក់ទៀតត្រូវឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ករណីឡាយតាមបណ្តាញសង្គម Facebook កៀរគរប្រជាពលរដ្ឋឱ្យនាំគ្នាមកប្រឆាំងឡោមព័ទ្ធមិនឱ្យមន្ត្រីជំនាញអនុវត្តច្បាប់យករថយន្តដឹកលើសទម្ងន់មករក្សាទុក។
សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវលេខ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿងដែលកំពុងធ្វើសកម្មភាពដឹកពោតពីកម្ពុជាឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។ បន្ទាប់ពីការថ្លឹងរថយន្តពីរគ្រឿងនេះ មួយគ្រឿងមានទម្ងន់សរុប ៨២តោន លើសទម្ងន់កំណត់ជាង ៤០តោន និងមួយគ្រឿងទៀតមានទម្ងន់ ៦៤តោន លើសទម្ងន់កំណត់ជាង ២០តោន។ រថយន្តនេះគឺដឹកលើសទម្ងន់កំណត់ច្រើនជាង២០ភាគរយ។ ទម្ងន់ដែលបានដឹកលើសនេះយោងទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ គឺតម្រូវឱ្យរើទំនិញចេញ ហើយឃាត់រថយន្តទុកមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួនពីរឆ្នាំ។
សូមបញ្ជាក់ថា មនុស្ស៤នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីកៀរគរប្រជាពលរដ្ឋប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចលើរថយន្ដថៃដឹកលើសទម្ងន់កំណត់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងត្រៀមបញ្ជូនបន្ដទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាបានបញ្ជាក់ទៀតថា មនុស្ស៣នាក់ដែលត្រូវបញ្ជូនបន្ដមកកាន់តុលាការនេះ ម្នាក់ជាកូនម្ចាស់សៃឡូ, ម្នាក់ជាអ្នកសារព័ត៌មានឡាយបំផុសបំផុលឱ្យប្រជាពលរដ្ឋមកតវ៉ា និងម្នាក់ជាអ្នកយកបាយឱ្យអ្នកតវ៉ា។
លោកព្រះរាជអាជ្ញាបញ្ជាក់ថា ដោយឡែក មេខ្លោងដែលជាមន្ដ្រីយោធាឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង តុលាការកំពុងចេញដីកាដើម្បីឱ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនយកមកចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ សូមគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង តាមរយៈការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនក្រុមជនបំផុសបំផុលឱ្យប្រជាពលរដ្ឋមកតវ៉ា ចំពោះករណីដឹកផ្ទុកលើសទម្ងន់បំផ្លាញផ្លូវ ៕
ដោយ៖សហការី