ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ ដោយសារការធ្វើឃាត។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតជប៉ុន​ ប្រចាំនៅកម្ពុជា។ 

ក្នុងឱកាសនោះ​ លោកស្រីកិត្តិសង្គហបណ្ឌិត​ បានប្រគល់ជូន​ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន នូវសារលិខិតរំលែកមរណទុក្ខរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ទុកថា​ «មរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនត្រឹមតែជាការបាត់បង់រដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឱ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនមួយរូបសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលឯកឧត្តម បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងអាណត្តិរបស់លោក ជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន»។ 

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវសេចក្តីសោកសង្រេងចំពោះការបាត់បង់ជីវិតរបស់លោក អាបេ ស៊ីនហ្សូ ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុននៅក្នុងកាលៈទេសៈដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព លោក អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖