ខេត្តកំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការល្បាតការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងបរិវេណទីរួមខេត្តកំពង់ធំ បានធ្វើការបង្ក្រាបក្មេងទំនើងមួយក្រុមមានគ្នាបីនាក់ដែលបង្ហោះម៉ូតូនិងកែបំពង់ស៊ីម៉ាំងធ្វើឲ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, នៅវេលាម៉ោង២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួនបីនាក់ ត្រង់ចំណុចផ្លូវជាតិលេខ៦A ផ្លូវវាងក្រុង ភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបន្តថា, យុវជនទាំងបីនាក់មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ សាន់ យ៉ត អាយុ១៦ឆ្នាំរស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។២.ឈ្មោះ ទន់ មាំង អាយុ១៧ឆ្នាំ រស់នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។៣.ឈ្មោះ សាន់ សារ៉ូ អាយុ ១៩ឆ្នាំ រស់នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ យុវជនទាំងបីនាក់ជាកម្មករជួសជុលគ្រឿងចក្រនៅក្រុមហ៊ុនមួយនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្តថា, វត្ថុតាងមានម៉ូតូពីរគ្រឿងដែលកែច្នៃបំពង់ស៊ីម៉ាំងប្រែនជាបំពង់សំឡេង ម៉ូតូម៉ាកM S X កែបំពង់ស៊ីម៉ាំង២ម៉ូតូម៉ាកPCxកែបំពង់ស៊ីម៉ាំង។ ក្រោយពីធ្វើកិច្ចសន្យាអប់រំយុវជនទាំងបីនាក់រួចហើយអាណាព្យាបាលក៏មកធ្វើកិច្ចសន្យាទទួលយកទៅវិញអប់រំបន្ត ៕
ដោយ ៖ សហការី (កំពង់ធំ)