ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកំពង់សីលាបានឱ្យដឹងថាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះលោក សៅ បុរីវឌ្ឍន: អភិបាលស្រុក កំពង់សីលាលោកចាន់ ពន្លក អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀងបង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ។ លោកចាន់ ពន្លក អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកបានឱ្យដឹងថាអាជ្ញាធរស្រុកនិងត្រៀមគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងសូមអំពាវនាវឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ហើយបើមានបញ្ហាកើតឡើងសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីងាយស្រួលក្នុងការជួយសង្រ្គោះទាន់ពេលវេលា។
របាយការណ៍ដដែលបានឱ្យដឹងទៀតថាទីតាំងចុះពិនិត្យនោះស្ថិត ក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាជនរស់នៅសរុបចំនួន៤២ គ្រួសារ ដោយគិតមកដល់ត្រឹមម៉ោង ១០និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែលនេះស្ថានភាពទឹកជំនន់បានបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន៣៩គ្រួសារ ក្នុងនោះមានប្រជាជនសរុបចំនួន២៣៩នាក់ ៕
ដោយ៖ចន្ទ លីហ្សា