ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណ:ប្រតិភូអគ្គបញ្ជាការគោរពវិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញសំណេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខថា “តាងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀងក្រំបំផុតជាមួយរដ្ឋាភិបាល កងកម្លាំងស្វ័យការពារជប៉ុន ប្រជាជនជប៉ុន និងក្រុមគ្រួសារសព។”

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេ ជាវីរជនជប៉ុនដ៏លេចធ្លោមួយរូបដែលបានទទួលស្គាល់ និងលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាសកលលោក។ ការបាត់បង់ ឯកឧត្តម ស៊ីនហ្សូ អាបេ ជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិពណ៌នាបាន។

នៅចុងបញ្ចប់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស៊ីនហ្សូ អាបេ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖