មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហាររបស់កម្លាំងទាហានអ៊ុយក្រែនទៅលើទីក្រុង Novaya Kakhovka ខេត្ត Kherson គ្រប់គ្រងដោយប្រទេសរុស្ស៊ី គឺប្រើប្រាស់អាវុធដែលអាមេរិកផ្តល់ឱ្យ។
ទីក្រុង Novaya Kakhovka ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី តាំងពីថ្ងៃដំបូងនៃយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ។ នៅយប់ថ្ងៃទី១១ខែកក្កដាទីក្រុង Novaya Kakhovka រងការវាយប្រហារ ជាបន្តបន្ទាប់ពីកម្លាំងទាហានអ៊ុយក្រែន ដោយបានបំផ្លាញឃ្លាំងអាវុធរបស់រុស្ស៊ីនិងបំផ្លាញអគារអស់ជាច្រើន។
លោក Vladimir Leontyev មន្ត្រីគ្រប់គ្រងក្នុងទីក្រុងខាងលើបានឱ្យដឹងថា ការវាយប្រហារធ្វើឡើងដោយកាំភ្លើងធំ ប្រភេទHIMARS ផលិតដោយអាមេរិក ។ លោកបន្តទៀតថា ការវាយប្រហារខាងលើ គឺជា«បទល្មើសប្រឆាំងពលរដ្ឋស្លូតត្រង់»បណ្តាលឱ្យពលរដ្ឋរាប់សិបនាក់រងរបួស និងផ្ទះរាប់រយខ្នងរងការបំផ្លាញ។
លោក Vladimir Leontyev បានលើកឡើងថា «អ្វីដែលបានកើតឡើងនាពេលនេះធ្វើឱ្យគេនឹកឃើញដល់ការទម្លាក់គ្រាប់បែក នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន ពីសំណាក់អាមេរិក នៅខែសីហាឆ្នាំ១៩៤៥ សម្លាប់ពលរដ្ឋស្លូតត្រង់ទាំងក្មេងទាំងចាស់ ទាំងអ្នកពោះធំ… ។
នៅពេលនេះ ទិដ្ឋភាពសោកសៅបែបនោះ កំពុងតែកើតឡើងម្តងទៀត នៅពេលនេះ ក្នុងតំបន់ Kherson ។ ពលរដ្ឋជាច្រើនស្លាប់និងរបួស ភូមិស្រុកទាំងមូលរងការបំផ្លាញ»។
លោក Dmitry Polyansky តំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា អាវុធដែលទាហានអ៊ុយក្រែនវាយប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់ គឺជាការផ្តល់ឱ្យពីអាមេរិក៕ ដោយ៖ ធីរីណា
រូបថត ៖ RT