ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត ២៤៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា៖​ យានយន្តសរុបចំនួន ២៤៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យតាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១៨៦គ្រឿង និងរថយន្ត ៥៩គ្រឿង។​

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែង​បន្តថា​ គិតថ្ងៃទី១២ ខែកក្កដា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៩២,៨៤២គ្រឿង ក្នុងនោះមានម៉ូតូ ៧៣,៣៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៩,៣៦៩គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន ល្មើសល្បឿន ឆៀក ស្រវឹង និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះស្លាប់ចំនួន ០២នាក់ របួស ១២នាក់ (របួសធ្ងន់ ០៨នាក់)។ រយៈពេល១៩៣ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៦៩៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៨៨នាក់ របួស ២,៣៤៩នាក់ (របួសធ្ងន់ ១,៥០៣នាក់)៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖