ខេត្តប៉ៃលិន ៖ ពីរនាក់មីងនិងក្មួយជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតត្រូវបានរថយន្តមួយគ្រឿងបើកបរល្បឿនលឿនក្នុងទិសដៅពីត្បូងមកជើងបុកពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលមនុស្សរងរបួសធ្ងន់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីលោក ជា សីហា នាយផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានឲ្យដឹងថា÷ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០និង១០នាទីព្រឹក។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក រថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ ម៉ូតូខូចខាតធ្ងន់ ១គ្រឿង រថយន្តខូចខាតស្រាល ១គ្រឿង ។
លោក នាយផ្នែកការិយាល័យ បានបន្តថា÷ករណីនេះកើតឡើងនៅចំណុចផ្លូវបំបែកជាបួនជាប់ផ្ទះសំណាក់គ្រូបង្រៀនស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
អ្នកបើកបររថយន្តបង្កឈ្មោះ សំ ចាន់ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួសស្នាម បើកបររថយន្តម៉ាកស៊ីណា SIENNA ពាក់ស្លាកលេខ កំពត 2B-3859 រថយន្តខូចខាច(ស្រាល) ។
អ្នកបើកបរម៉ូតូដែលរងគ្រោះ ឈ្មោះ ស្រីឡៃ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់ បើកបរ ម៉ូតូម៉ាកHonda wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C-5019 រងការខូចខាតធ្ងន់។
អ្នករួមដំណើម៉ូតូរងគ្រោះឈ្មោះ ចាប ដាណា ភេទស្រី អាយុ ០៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន រងរបួសធ្ងន់។
មូលហេតុ: បណ្ដាលមកពីអ្នកបើករថយន្តបើកបរល្បឿនលឿនក្នុងទីប្រជុំជន។
លោកបានបន្តទៀតថា÷ករណីខាងលើនេះ ក្រោយពីមន្ត្រីជំនាញរបស់លោកវាស់វែងរួចជនរងគ្រោះត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដោយសារស្ថានភាពជនរងគ្រោះទាំង២នាក់ធ្ងន់ធ្ងរពេក បងប្អូនក្រុមគ្រួសារបានសុំលោកគ្រូពេទ្យជំនាញ បញ្ជូនទៅពេទ្យបាត់ដំបង។
ចំណែក អ្នកបើករថយន្តត្រូវបានកម្លាំងការិយាល័យជំនាញនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តយកទៅសួរនាំ។
រីឯរថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកដើម្បី រង់ចាំដោះស្រាយតាមនីតិវិធី។
ដោយ៖ស សារ៉េត