ខេត្តបាត់ដំបង ៖ មានបុណ្យស័ក្តិ តួនាទី ភារកិច្ច និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មិនគួរណាប្រព្រឹត្តអំពើល្មើសច្បាប់ តែទីបំផុតមន្រ្តីយោធាមានឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលជាមេខ្លោងកៀរគរប្រជាពលរដ្ឋមកចូលរួមតវ៉ាប្រឆាំងចំពោះការអនុវត្តច្បាប់លើរថយន្តថៃដឹកលើសទម្ងន់នេះ ត្រូវបានលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញដីកាបញ្ជាឱ្យចូលខ្លួនមកកាន់តំណាងអយ្យការឱ្យបានមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
នេះបើយោងតាមដីកាបញ្ជារបស់ព្រះរាជអាជ្ញាដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃនេះ ដែលបានបញ្ជាក់ថា មន្រ្តីយោធារូបនេះ ត្រូវបានបញ្ជាឱ្យមកបំភ្លឺករណី «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា មន្ត្រីយោធាឈ្មោះ រោង សារឹម ត្រូវបានគេឱ្យរហស្សនាមថា«ស្តេចត្រាញ់ជាយដែន» ដែលជាអ្នករកស៊ីជាមួយឈ្មួញថៃ ហើយក៏ជាអ្នករត់ការឬកាងរាល់ការដឹកជញ្ជូនលើសទម្ងន់ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ស្រុកភ្នំព្រឹក ជាពិសេសសម្រាប់ការដឹកជញ្ជូនចេញចូលទៅថៃតាមច្រកអូររំដួល។
ជុំវិញបញ្ហានេះ ហេតុអ្វីក៏ប្រធានសាមីអង្គភាពកន្លងទៅមិនមានការត្រួតពិនិត្យកូនចៅរបស់ខ្លួន ដែលយកតួនាទីបុណ្យស័ក្តិទៅប្រព្រឹត្តល្មើសច្បាប់ រកស៊ីបំពានច្បាប់ កាងទំនិញមិនស្របច្បាប់ រត់ការជាដើមនេះ។
សូមបញ្ជាក់ថា មន្ត្រីយោធាឈ្មោះ រោង សារឹម និងក្រុមឈ្មួញខ្មែរដែលប្រមូលទិញពោតតាមព្រំដែនដើម្បីលក់ទៅឱ្យឈ្មួញថៃ ពួកគេបានយកប្រជាពលរដ្ឋជាខែលការពារការរកស៊ីដឹកលើសទម្ងន់របស់ពួកគេ។ ពួកគេបានប្រាប់ប្រជាពលរដ្ឋថា បើមិនឱ្យពួកគេដឹកលើសទម្ងន់ គឺពួកគេរកស៊ីមិនចំណេញ ហើយក៏មិនអាចទិញពោតរបស់ប្រជាកសិករក្នុងតម្លៃមួយថ្លៃនោះដែរ។ ដូច្នេះពួកគេជំរុញឱ្យប្រជាពលរដ្ឋចេញតវ៉ាប្រឆាំងនឹងមន្ត្រីជញ្ជីងចល័តឱ្យបញ្ឈប់សកម្មភាពចុះចាប់រថយន្តរបស់ឈ្មួញថៃដែលដឹកលើសទម្ងន់ទាំងនោះ។
ឧបាយកលខិលខូចរបស់មន្ត្រីយោធា ឈ្មោះ រោង សារឹម និងក្រុមឈ្មួញប្រមូលទិញពោតយកប្រជាពលរដ្ឋធ្វើជាខែលបិទបាំងការរកស៊ីទុច្ចរិតរបស់ខ្លួននេះ ត្រូវបានលាតត្រដាងដោយមន្ត្រី ហើយក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ។
សម្រាប់មនុស្សចំនួន៤នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការកៀរគរប្រជាពលរដ្ឋមកធ្វើការតវ៉ានោះ ត្រូវបានលោក កែវ សុជាតិ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រោយបញ្ចប់ការសួរនាំនៅកន្លែងនគរបាល តែត្រូវបញ្ជូនបន្ដចំនួន៣នាក់មកសួរនាំនៅតុលាការ ដើម្បីឱ្យតំណាងអយ្យការធ្វើការសាកសួរតាមនីតិវិធី។
លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានយកចិត្តទុកដាក់ក្នុងរឿងនេះក្នុងការជួយសម្របសម្រួលនីតិវិធី ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួនក្រុមជនសង្ស័យ ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធ ជាពិសេសលោកបានចេញដីកាបញ្ជាឱ្យចូលខ្លួនចំពោះមេខ្លោងដែលកំពុងរត់គេចខ្លួនពីសមត្ថកិច្ច។
គេមានជំនឿថា លោកស័ក្តិប្រាំរូបនេះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ទោះជារត់ដល់ទីណាក៏ដោយ សមត្ថកិច្ចប្រាកដជាប្រមាញ់ក្នុងការតាមចាប់ខ្លួនយកបុគ្គលរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ សិលា