ខេត្តស្ទឹងត្រែង៖ ដើរកៀរគរប្រជាពលរដ្ឋ បំបែកក្បាលដី ជាថ្នូរនឹងលុយ១ពាន់ដុល្លារ ព្រោះតែប្រយោជន៍បំពេញក្រពះ ជ្រកក្រោមស្លាកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋរស់នៅប្រកបរបរកសិកម្មលើដីដែលពាក់ព័ន្ធក្នុងដែនគ្រប់គ្រងរបស់អភិរក្សជីវៈចម្រុះ និងច្រករបៀង ទើបមេខ្លោងឧក្រឹដ្ឋជនរូបនេះ បំផុសកៀរគរពលរដ្ឋឱ្យកាប់បំផ្លាញព្រៃឈើយកដីនិងឆក់ឱកាសកេងចំណេញព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមានការបើកភ្លើងខៀវ លួចឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញមូលដ្ឋានមួយចំនួន ដោយមន្ត្រីទាំងនោះមិនបានបំពេញ និងប្រើតួនាទីឱ្យចំគោលដៅ ច្បាស់លាស់ ដូចការសន្យាស្បថសច្ចាប្រណិធានមុននឹងចូលកាន់តំណែង ថាស្មោះនិងបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ មិនក្បត់និងឧត្តមគតិ។
តែផ្ទុយទៅវិញក្បត់នឹងពាក្យសម្បថ ផ្ទុយនឹងឆន្ន: មនសិការខ្លួន សូម្បីតែខ្លួនឯងក៏កុហកបានដែរ មិនខុសពីពាក្យស្លោកមួយឃ្លាពោលថា: ត្រីងៀតឆ្លៀតពង ត្រីជាប់មងឆ្លៀតបណ្តើរកូន ឫស្សីចងក្បូនឆ្លៀតដុះទំពាំង។ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីថ្នាក់ក្រោមជាតិជារឿយៗ កំុធ្វើជាមន្ត្រីគ្រាប់ល្ពៅស្ងោរ ដែលតែងតែឡេមឡឺម រត់មកវៃ៉អែបស៉ីអប។ មន្ត្រីអស់ទាំងនេះត្រូវអនុវត្តអភិក្រមទាំងប្រាំនេះទើបបាន គឺ១-មុជទឹក ២-ដុះក្អែល ៣-ឆ្លុះកញ្ចក់ ៤-វះកាត់ និងទី៥-ព្យាបាលទើបធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត ក្នុងនាមមន្ត្រីបម្រើរាស្ត្រ ស៉ីប្រាក់ខែរដ្ឋ ក្នុងនាមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ត្រូវតែដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋ រាល់ពួកគាត់ត្រូវការពឹងពាក់ត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព (៩ចំណុច) ផ្តល់ជូនពលរដ្ឋនូវទំនុកចិត្តនិងភាពកក់ក្តៅ។
ជាពិសេសដីព្រៃរបស់រដ្ឋ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញដែលមានតួនាទីគ្រប់គ្រងត្រូវអនុវត្តនិងការពារ ថែរក្សានូវធនធានធម្មជាតិ ដូចជាដីព្រៃឈើរបស់រដ្ឋ ដីព្រៃសហគមន៍ ហើយនេះទៀតសោតដីព្រៃជីវៈចម្រុះសំបូរទៅដោយសត្វព្រៃគ្រប់ប្រភេទរស់នៅ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ឧទ្យានុរក្ស និងរដ្ឋបាលស្រុកសេសាន ត្រូវបានរលាយហិនហោច ដោយសារស្នាដៃលោកយ៉ោក ស្លេះ ជនជាតិខ្មែរអ៊ិស្លាមជាមេខ្លោង និងបក្សពួក៣នាក់ទៀតបានកៀរគរប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមកកាប់ផ្តួលរំលំឈើយកដីធ្វើជាកម្មសិទ្ធិ រួចបែងចែកជាប្លង់លក់ក្នុងក្បាលដី១ប្លង់៥០ម៉ែត្រ×១.០០០ម៉ែត្រ=៥ហិកតា តម្លៃ១០០០ដុល្លារ ស្ថិតនៅចំណុចភូមិសាស្ត្រអូរក្រឡាពស់ លាតសន្ធឹងរហូតដល់ភ្នំគល់ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នេះបើតាមរបាយការណ៍បញ្ចាក់របស់ អង្គការថែរក្សាការពារធម្មជាតិដែលបានបញ្ជាក់ថា: នៅតំបន់ទីតាំងចំណុចខាងលើ ដែលអង្គការចុះទៅដល់និងផ្តិតយករូបភាពសកម្មភាពកាប់រុករានទន្ទ្រានដីព្រៃដែលជាជម្រកសត្វព្រៃ ដែនជីវៈចម្រុះគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ឧទ្យានុរក្សនោះ ហើយក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋខ្មែរអ៊ិស្លាមរស់នៅទីនោះថា មានជនជាតិខ្មែរអ៊ិស្លាមមួយក្រុមដែលប្រមូលលុយពីពួកគេក្នុងមួយក្បាលដី(៧០០ដុល្លារ)ថាយកទៅឱ្យអភិបាលរងខេត្តម្នាក់ដើម្បីយកទៅរត់ការធ្វើប្លង់។ ពួកគេបញ្ជាក់ថា បើអ្នកណាមិនបង់លុយឱ្យទេ គេនឹងបណ្តេញចេញពីទីនោះភ្លាម ហើយឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ពាក់ព័ន្ធនឹងការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ។
ក្នុងរបាយការណ៍ដដែលបានបន្តថា ប្រជាពលរដ្ឋឈ្មោះ(មេត) បានបញ្ជាក់ទៀតថា: ឈ្មោះយ៉ោក ស្លេះ ជនជាតិខ្មែរអ៊ិស្លាមជាមេខ្យល់ រួមនឹងបក្សពួក៣នាក់ទៀត ទី១-ឈ្មោះសុះ ហ្វើត ទី២-ឈ្មោះជេត ម៉ាត់ ទី៣-ឈ្មោះម៉ាជេត ហូ៊សេន ដែលបានកៀរគរពួកគាត់មករស់នៅទីនេះ ចំនួន៤០គ្រួសារ ហើយក្នុងមួយក្បាលដីមានប្រវែង៥០ម៉ែត្រ×១០០០ម៉ែត្រ ពួកគេលក់ក្នុងតម្លៃ១០០០ដុល្លារ ស្រាប់តែមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បក្សពួករបស់លោកយ៉ោក ស្លេះ បានមកទារលុយបន្ថែមទៀតក្នុងមួយក្បាលដី៧០០ដុល្លារ ហើយពួកគេគំរាមថា បើមិនព្រមបង់បន្ថែមឱ្យទៀតទេ ពួកគេនឹងឱ្យមន្ត្រីបរិស្ថាន រួមនឹងកម្លាំងសឹករងស្រុកសេសានចាប់ខ្លួន ព្រោះពួកគេខំរៀបចំដីឱ្យថ្នាក់ខេត្តចំនួន(៥០ហិកតា) ហើយថ្នាក់ខេត្តក៏បានប្រគល់ច្បាប់ចំពោះកិច្ចដើម្បីចុះវាស់វែងស្រង់ទិន្នន័យចំនួនក្បាលដីឱ្យពួកគេធ្វើហើយ។
ពាក់ព័ន្ធករណីការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខាងលើ ដែលក្រុមឧក្រឹដ្ឋជនបានកៀរគរពលរដ្ឋចំនួន៤០គ្រួសារមករស់នៅខុសច្បាប់នេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឱ្យដឹងតាមតេឡេក្រាមនៅរសៀលថ្ងៃទី១២ ខែកក្កដាថា: លោកបានជ្រាបខ្លះៗដែរ តែនៅមិនទាន់បានទទួលព័ត៌មានណាមួយ ឱ្យជាក់លាក់នៅឡើយទេ ហើយម្យ៉ាងទៀត តំបន់ព្រៃក្រឡាពស់មានការលំបាកសម្រាប់ក្រុមការងារ ផ្លូវក៏លំបាកចូលទៅដល់គោលដៅ ហើយក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតផង វាងាយស្រួលជនខិលខូចមានឱកាស ធ្វើសកម្មភាពបទល្មើសទាំងនេះ។ លោកអភិបាលស្រុកក៏បញ្ជាក់ដែរថា:
ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនក្រុមជនល្មើសបានចំនួន២នាក់ជាជនជាតិខ្មែរអ៊ិស្លាមផងដែរ៕
ដោយ៖មាស សុផាត