ខេត្តស្ទឹងត្រែង៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងលោកស្រី និងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្ត នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដង្ហែរទៀនព្រះវស្សា ទេយ្យទាន រួមទាំងបច្ច័យ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១១វត្ត ស្ថិតក្នុងក្រុង និងស្រុក ក្នុងខេត្តស្ទឹងត្រែង ។ ពិធីនេះបានប្រព្រឹត្តទៅក្នុង វត្តស្រះកែវមុន្នីវណ្ណ ប្រារព្ធទៅតាមបែបព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា: ទៀនព្រះវស្សា ដែលមានទេយ្យទាន ជាច្រើននេះយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ ពុទ្ធបរិស័ទជាប់រវល់ ធ្វើស្រែចំការរៀងៗខ្លួន។
លោកអភិបាលខេត្តក៏បានបន្តថា: ក្នុងឱកាសព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ។
លោកអភិបាលខេត្ត ក៏បានស្នើដល់ពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ ត្រូវមានសាមគ្គីភាពគ្នា ជាធ្លុងមួយរវាងបុព្វជិត និងក្រហស្ថ ដើម្បីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងខិតខំអភិវឌ្ឍន៍កសាងវត្តអារាម ឱ្យមានភាពរីកចម្រើន ដើម្បីទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយ ឲ្យមកកាន់វត្តយើងនេះឲ្យកាន់តែច្រើនឡើង ជឿជាក់លើព្រះពុទ្ធសាសនា ដែលនាំយើងមកទីសុខដ៏សមគួរ ធានារក្សាឲ្យបាននូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។
សូមបញ្ជាក់ថា: ទានព្រះវស្សា និង ទេយ្យទានដែលលោកអភិបាលខេត្ត នាំមកប្រគេន ព្រះសង្ឃក្នុងវត្តទាំង១១ ក្នុង១វត្ត ទទួលបានទានព្រះវស្សា១គូ អង្ករ១៥០គ.ក្រ មី២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០៣កេស ទេយ្យទាន០១គូ ត្រីខកំប៉ុង ០១កេស. ខ្ទឹមសរ ០៥ គ.ក្រ .ប៊ីចេង ០៥គ.ក្រ នឹង បច្ច័យក្នុងមួយវត្តៗ ចំនួន១,៣០០,០០០រៀល ៕
ដោយ៖ មាស សុផាត