ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្ត Toyota Tacoma មួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុបចំពីក្រោយបណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបចេនឡា តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើកឡំប្រឺតាពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1JI-4188 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ភ្លើងស្តុបរង់ចាំភ្លើងខៀវដើម្បីបន្តដំណើរ ស្របពេលនោះក៏មានស្ត្រីម្នាក់បើករថយន្តបង្កម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-5849 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នក៏បុកឡំប្រឺតាពីក្រោយទាំងកំរោលបណ្ដាលឱ្យឡំប្រឺតាក្រពឹតកាងខាងក្រោយខូចខាតគួរសម តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ ស្ត្រីជាតៃកុងរថយន្តបង្កបានឈប់រថយន្តនៅនឹងកន្លែងកើតហេតុ រួចអង្គុយចុចទូរស័ព្ទក្នុងរថយន្តធ្វើធម្មតា ដោយនិយាយយ៉ាងខ្លីថា ចាំខាងធានារ៉ាប់រងមកដោះស្រាយជូន៕
ដោយ ៖ ភារ៉ា ដង្កោ