ខេត្តព្រះវិហារ៖ ឈើប្រណីតប្រភេទធ្នង់ជាង២០ដុំដែលឈ្មួញបានដឹកជញ្ជូនតាមគោយន្តកន្ត្រៃចេញពីព្រៃមកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋដើម្បីត្រៀមលក់បន្តឱ្យឈ្មួញដឹកយកទៅលក់ឱ្យក្រុមអ្នកបើកសិប្បកម្មកែច្នៃឈើនៅក្នុងក្រុងព្រះវិហារ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យចុះបង្ក្រាបនិងរឹបអូសដោយសហការជាមួយនឹងអ្នកសារព័ត៌មាន។
ប្រតិបត្តិការចុះបង្ក្រាបនិងរឹបអូសឈើនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
តាមសេចក្តីរាយការណ៍ឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយនាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា ក្រោមបញ្ជាពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បន្ទាប់ពីបានការឯកភាពពីលោកតំណាងអយ្យការ សាលាដំបូងខេត្ត ។
ក្នុងប្រតិបត្តិការនោះ មន្ត្រីរដ្ឋបាលព្រៃឈើបានរឹបអូសយកឈើបេងបានជាង២០ដុំ(វែងនិងខ្លី) នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនៅនីតិវិធី។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ដែលសមត្ថកិច្ចបង្រ្កាបឈើនោះបានឱ្យដឹងថា ក្រុមឈ្មួញតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីដែនព្រៃយកមកទម្លាក់ទុកនៅក្នុងបរិវេណផ្ទះខាងលើនោះស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលក់បន្តទៅឱ្យម្ចាស់រថយន្តកាមរីហើម១គ្រឿង ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E-7849 ហើយម្ចាស់រថយន្តនេះបានដឹកឈើទាំងនោះយកទៅចែកចាយតាមរោងសិប្បកម្មធំៗ នៅក្នុងខេត្តព្រះវិហារ។
ប្រជាពលដ្ឋបាននិយាយទៀតថា សកម្មភាពនេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែគេមិនដែលឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចមូលដ្ឋាននោះទេ ទើបតែពេលនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅទីនេះ៕
ដោយ៖អ្នកប្រមាញ់