ព័ត៌មានទាន់ហេតុការណ៍៖

ស្រីលង្កាប្រកាសអាសន្នទូទាំងប្រទេស ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ

ចែករំលែក៖

ការិយាល័យនាយករដ្ឋមន្ត្រី ស្រីលង្កាបានប្រកាសអាសន្នទូទាំងប្រទេស ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតី Gotabaya Rajapaksa ចាកចេញពីប្រទេសជាតិនៅថ្ងៃទី១៣ខែកក្កដានេះ។
សារព័ត៌មាន AFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលបានបញ្ជាក់ថា «ប្រធានាធិបតីបានចាកចេញពីប្រទេស រដ្ឋាភិបាលបានសម្រេចប្រកាសអាសន្នដើម្បីទប់ស្កាត់ស្ថានភាពនៅក្នុងប្រទេស»។
នេះជាលើកទីបីហើយក្នុងរយៈពេល៣ខែកន្លងមក ដែលប្រទេសស្រីលង្កាសម្រេចប្រកាសអាសន្នទូទាំងប្រទេស។
កម្លាំងប៉ូលិសកំពុងតែអនុវត្តច្បាប់អាសន្នគ្មានពេលកំណត់នៅតាមបណ្តាខេត្ត ក្នុងនោះមានទាំងរដ្ឋធានីកូឡុំបូផងដែរ ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មកាន់តែកើនឡើង ក្នុងពេលប្រធានាធិបតី Rajapaksa ទៅកាន់ប្រទេសម៉ាល់ឌីវ។
ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី បង្ខំឱ្យប៉ូលិសត្រូវតែប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ។ នៅថ្ងៃទី១៣ខែកក្កដានេះដែរ កម្លាំងទាហានអាកាសស្រីលង្កាបានប្រកាសថា ប្រធានាធិបតីបានចាកចេញពីប្រទេសស្រីលង្កាទៅកាន់ប្រទេសម៉ាល់ឌីវហើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖