ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មនុស្ស០២នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈរថយន្តធុនធំបើកបុកម៉ូតូពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រី០២នាក់បានស្លាប់បែកសាច់ខ្ទេចភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តធុនធំ០១គ្រឿងបានបុកនិងកិនម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងនៅចំណុចផ្លូវប្រសព្វ(ហាយវ៉េ)។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩ និង១០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចផ្លូវប្រសព្វហាយវ៉េស្ថិតក្នុងក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1T-9673 បើកបរជិះគ្នាពីរនាក់ចេញតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកHYUNDRI ពណ៌ក្រហម ពាក់ស្លាក ព្រះសីហនុ 3A -4978 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់)ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកោងប្រសព្វបានបួងចង្កូតបត់ឆ្វេងឡើងផ្លូវហាយវ៉េបានជ្រុលទៅបុកនិងកិនម៉ូតូអូសជិត១០០ម៉ែត្របណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ រិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរម្នាក់ឈ្មោះ បាន សៀងលី ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់)ទាំងពីរនាក់រស់នៅភូមិកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងប្រគល់សពទាំងពីរនាក់អោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖