ព័ត៌មានទាន់ហេតុការណ៍៖

ទឹកភ្លៀងហូរបុកផ្ដាច់ផ្លូវមួយកន្លែងនៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង ៖ តាមការប្រកាសរបស់ក្រសួងធនធានទឹកបានឲ្យដឹងថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនិងមានភ្លៀងធ្លាក់រាយប៉ាយច្រើនកន្លែងទូទាំងប្រទេសបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្ដែងផ្លូវលំជនបទមួយកន្លែងនៅស្រុកស្រែអំបិលខេត្តកោះកុងត្រូវទឹកហូរបុកផ្ដាច់ដែលពេលនេះអាជ្ញាធរកំពុងអន្តរាគមន៍ដោះស្រាយ។

បរិមាណទឹកភ្លៀងច្រើន ហូរបុកផ្តាច់ផ្លូវលំជនបទមួយកន្លែង នៅភូមិព្រះអង្គកែវ ស្រុកស្រែអំបិលកម្លាំងទឹកភ្លៀង ៣ថ្ងៃមកនេះ ហូរបុកផ្តាច់ផ្លូវលំជនបទមួយកន្លែង ស្ថិតនៅម្តុំវត្តស្ទឹងពង្រូល ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយអាជ្ញាធរសមត្ថកិច្ចស្រុក សហការជាមួយអាជ្ញាធរភូមិឃុំ ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ ផងដែរ។

លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងរសៀលថ្ងៃទី ១៣ ខែកក្កដានេះថា ព្យុះភ្លៀ ង ខ្យល់ ៣ថ្ងៃជាប់ៗគ្នា បានធ្វើឲ្យផ្លូវលំជនបទមួយកន្លែងបាក់ដាច់ មិនអាចធ្វើចរាចរណ៍បាននៅចំណុចភូមិព្រះអង្គកែវ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬលិចលង់ខ្លាំងផ្ទះសម្បែងនោះទេ។

លោកអភិបាលស្រុកស្រែអំបិល បានបន្ថែមទៀតថា ការដែលបណ្តាលឲ្យទឹកហូរច្រោះដាច់ផ្លូវបែបនេះ ដោយសារតែបរិមាណទឹកភ្លៀងច្រើន ហូរធ្លាក់ពីលើភ្នំចូលតាមប្រឡាយ អូរ និងព្រែក ចាលហៀចូលមូលដ្ឋានប្រជាពលរដ្ឋ។ ចំពោះទីតាំងដែលបាក់ស្រុតផ្លូវនេះ តែងកើតមានរៀងរាល់ឆ្នាំទៅហើយ។

បើតាមលោក ជា ចាន់កញ្ញា គឺលោកបានចាត់កម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ យកសម្ភារៈគ្រឿងចក្រ ឈើក្តារ ចុះ ជួយសង្រ្គោះជាបណ្តោះអាសន្ន និងរកទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ និងសត្វគោក្របីរបស់ពលរដ្ឋ។ គិតមកទល់ម៉ោងនេះ គ្រាប់ទឹកភ្លៀងនៅតែធ្លាក់មិនដាច់គ្រាប់នោះទេ ក្នុងភូមិសាស្រ្តនីមួយៗក្នុងស្រុកស្រែអំបិល។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អះអាងថា ខេត្តមិនទាន់មានរបាយការណ៍ណាមួយ ពីការរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះនៅឡើយទេ តែលោកស្នើសុំពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើចាំបាច់ប្រញាប់ផ្តល់ព័ត៌មាន មកកាន់តែអាជ្ញាធរមូលដ្ឋានដឹងជាមុន ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។ រីឯអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវត្រៀមសម្ភារៈមធ្យោបាយ ចុះជួយពលរដ្ឋភ្លាមៗផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖