ខេត្តព្រៃវែង៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ,លោក ពេជ្រ ជីវ័ន និងលោក ឡុង ប៊ុន្មី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មកពីវិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលមានចំនួនសរុប ១៥៧នាក់។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរដល់ក្រុមការងារមន្ត្រីសាខា អនុសាខាស្រុក ជាពិសេស គឺមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននាពេលនេះ។
សូមបញ្ជាក់ថា ក្មួយៗត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ ជាមួយនឹងឱកាសក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ ដែលអាចរួមចំណែកកសាងសង្គមជាតិ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យក្មួយៗធ្វើជាគំរូល្អ ដោយទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ ធានាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាបន្តនិរន្តភាពសង្គមសេដ្ឋកិច្ច ជាមួយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល៕
ដោយ៖សហការី