ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានAKP បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន។ នេះបេីយោងតាមប្រភពព័ត៍មានពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ថានៅតាមប្រព័ន្ធតេឡេក្រាមរបស់លោកស្រី នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដានេះ។
លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចហើយថា វីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ មានសមត្ថភាពឆ្លងលឿន មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយក៏លឿន ហើយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់បុគ្គលធ្លាក់ចុះក៏លឿនជាងមុនផងដែរ។ ដោយឡែកវីរុសអូមីក្រុងប្រភេទ BA.5 នេះ បានបំប្លែងខ្លួនតទៅទៀតហើយ គឺប្រភេទ BA.5.1 និងប្រភេទ BA.5.2”។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ការទទួលយកវ៉ាក់សាំងដូសជំរុញ ទាំងទី៣ ទី៤ និងទី៥ គឺជាជម្រើសដ៏ល្អបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្កើនអង្គបដិបក្ខការពារសរីរាង្គឡើងវិញ ខណៈដែលស្ថានភាពនៃការឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជានៅលើសកលលោក មានការកក្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសគឺពពួកអូមីក្រុងដែលបានបំប្លែងថ្មី ហើយក៏មានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយដែរ។
លោកស្រីវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បានបញ្ជាក់ហើយថា មានតែការចាក់វ៉ាក់សាំងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ ទប់ស្កាត់អត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាមរណៈឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត”។
សូមជម្រាបថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២៖ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ ។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៩%។
គួរបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រលប់ថ្ងៃទ១៤ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ បានចេញសារសម្លេងបន្ទាន់មួយផ្ញើជូនជនរួមជាតិ ដោយអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕
ដោយ៖សហការី