ភ្នំពេញ៖ តារាពហុជំនាញ និងជាអ្នកវប្បធម៌ និយម អ្នកនាង ស៊ូ ដាណេ បានប្រកាសថាខ្លួននឹង នាំក្បាច់របាំបុរាណខ្មែរដែលបង្កើតថ្មី ទៅបង្ហាញនៅទីក្រុងប៉ារីស ដើម្បីលក់សំបុត្រយកមកជួយកុមារក្រីក្រនៅកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីនាងបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈវប្បធម៌ជាតិពិសេសលើការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយឲ្យស្គាល់ និងហាត់រៀនលើជំនាញសិល្បៈនេះ។
អ្នកនាង ស៊ូ ដាណេ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងមុននេះថា”នាងខ្ញុំដាណេ នឹងនាំស្នាដៃរបាំថ្មី ដែលបានដកស្រង់ពីក្បាច់មូលដ្ឋានបុរាណ យកទៅបង្ហាញនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែតុលា ខាងមុខនេះ ។ សំបុត្រដែលលក់បានពីការចូលទស្សនា នឹងយកមកជួយកុមារក្រីក្រនៅប្រទេសកម្ពុជា។បន្ទាប់ពីទស្សនាក្បាច់របាំបុរាណខ្មែរ យើងនឹងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រជាប្រិយខ្មែររហូតដល់ចប់កម្មវីធី”។ សារខ្លីមានន័យជ្រៅ និងឆ្លុះបញ្ចាំងពីសណ្តានចិត្តរបស់សិល្បការិនីរូបនេះអំពីការលះបង់ ដើម្បីសិល្បៈវប្បធម៌ជាតិ ដែលគេរំពឹងដែរថា ការចេញទៅសម្តែងនៅក្រៅប្រទេសលើកនេះនាងនឹងទទួលបានការគាំទ្រ លើកទឹកចិត្តច្រើនពីសំណាក់ប្រជាជនខ្មែររស់នៅប្រទេសបារាំង និងបង្ហាញពីការរួបរួមគ្នាលើកម្ពស់តម្លៃសិល្បៈវប្បធម៌ជាតិ។ ទោះជាយ៉ាងណានេះមិនមែនជាលើកដំបូងទេដែលនាងបានពាំនាំនូវសិល្បៈខ្មែរជាច្រើនទម្រង់ទៅបង្ហាញលើឆាកជាតិ និងអន្តរជាតិ។
អ្នកនាងស៊ូ ដាណេបញ្ជាក់ដោយខ្លីថានាងគ្រោងនឹងចេញទៅសម្តែងនៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេល៣សប្តាហ៍ដោយសម្តែងតែ២ដងតែប៉ុណ្ណោះ ហើយទីតាំងលម្អិតនិងពេលវេលាគឺត្រូវរងចាំលម្អិតនៅពេលក្រោយ ទោះជាយ៉ាងណានាងសប្បាយចិត្តដែលបានចេញទៅសម្តែងនៅពេលនេះនឹងអាចជាឱកាសរកប្រាក់ជួយដល់កុមារក្រីក្រនៅកម្ពុជាផងដែរ ហើយនាងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនក្នុងការចូលរួមទស្សនារបាំតំឡើងថ្មីនេះ៕
ដោយ ៖ វឌ្ឍនា