ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់​ ត្រូវបានឃាត់ខ្លួនក្នុងករណីបង្ក្រាបគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងថានៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះនគរបាលស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

 ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០០:១០នាទីយប់រំលងអធ្រាត្រឈានចូលនៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខផ្សារស្អាងព្រែកតូច ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឃាត់ខ្លួនពីខាងលើនេះមាន ៖

១. ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

២. ឈ្មោះ អឿន រិទ្ធិ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន ៖

១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ។

២/ ទូរស័ព្ទដៃចំនួន ០១ ម៉ាក nokia ពណ៌ខ្មៅ។

សមត្ថកិច្ចឲ្យដឹងទៀតថានៅថ្ងៃនោះវេលាម៉ោងកើតហេតុខាងលើកម្លាំងអន្តរាគមន៍ស្រុកស្អាងបានធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។លុះដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ និងឈ្មោះអឿន រិទ្ធិ កំពុងឈរក្បែរផ្លូវមុខផ្សារ មានការសង្ស័យសមត្ថកិច្ចនគរបាលក៏ធ្វើការត្រួតពិនិត្យ ឆែកឆេរបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច នៅក្នុងកញ្ចប់បារីម៉ាក MEVIUS ក្បែរជនសង្ស័យទាំង០២នាក់ រួចក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ និងអឿន រិទ្ធិ បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនពិតមែន ដែលពួកខ្លួនបានទៅយកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស ប្រហែលអាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចស្ពានព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចំនួន០២កញ្ចប់តូច តម្លៃ៣០.០០០(បីម៉ឺនរៀល)ដើម្បីយកមកប្រើប្រាស់ (ជក់) ជាមួយគ្នា។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕

ដោយ៖ អរុណរះ


ចែករំលែក៖