ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ World Games នៅអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមកីឡាការិនី ប៉េតង់ ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ ក្រុមកីឡាការិនី បារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧-៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ (ម៉ោងនៅកម្ពុជា)។

គួរដឹងថា វិញ្ញាសាវាយគូនារីនេះ គឺមានបេក្ខភាព ៨ក្រុម ចូលរួម ដោយបែងចែកជា ២ពូល ក្នុងនោះកម្ពុជាស្ថិតក្នុងពូល A ជាមួយបារាំង កាណាដា និងដាណឺម៉ាក ខណៈពូល B មានអាល្លឺម៉ង់ ប៊ែលហ្ស៊ិក ថៃ និងម្ចាស់ផ្ទះអាមេរិក។ រូបមន្ដប្រកួត គឺប្រើប្រព័ន្ធប្រកួតវិលជុំក្នុងពូលនីមួយៗ ហើយក្រុមឈរលេខ១ ក្នុងពូលត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមឈរលេខ២ និងលេខ៣ នៃពូលនីមួយៗ ត្រូវជួបគ្នា ដើម្បីរកអ្នកឈ្នះឡើងបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លទ្ធផលនៃការប្រកួតជុំដំបូង ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមកីឡាការិនី ដាណឺម៉ាក ១៣-៥ពិន្ទុ តែបានចាញ់បារាំង ៩-៧។ ការណ៍នេះ នាំឲ្យកម្ពុជា ត្រូវជួបក្រុមដាណឺម៉ាក ជាថ្មី តែកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះ ក្រុមដាណឺម៉ាក ១៣-៤ពិន្ទុ ដើម្បីឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម បារាំង ដែលឈរលេខ១ ក្នុងពូល។ រីឯពូល B គឺមានក្រុមថៃ ឈរលេខ១ និងអាល្លឺម៉ង ឈរលេខ២។

សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានបង្កការភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមខ្លាំងថៃ ដោយពិន្ទុ ១២-១០ ដើម្បីឡើងទៅជួបក្រុមបារាំង ជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីបារាំង បានយកឈ្នះក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ដោយពិន្ទុ ១៣-៣។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីឆ្នើមរបស់កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ខកចិត្តវិញ បន្ទាប់ពីក្រុមកម្ពុជា សងសឹកបានវិញ ជាមួយការយកឈ្នះក្នុងលទ្ធផល ៧-៥ពិន្ទុ ដើម្បីគ្រងមេដាយមាស លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍ The World Games 2022 នៅអាមេរិក ដ្បិតកាលពីវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា បានចាញ់បារាំង ៩-៧ពិន្ទុ។

នេះគឺជាមេដាយមាសទី២ សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ឆ្នាំ២០២២ ខណៈមេដាយមាសទី១ គឺដណ្ដើមបានដោយវីរកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ កាលពីម្សិលមិញ។ កម្ពុជាបានអស់វិញ្ញាសាប្រកួតហើយ ដោយកម្ពុជា បានបញ្ជូនតែកីឡាការិនីប៉េតង់ ២រូបប៉ុណ្ណោះចូលរួមព្រឹត្តិការណ៍នេះ៕

ប្រភព ៖ (ទទក)


ចែករំលែក៖