ភ្នំពេញ ៖ កាលពីខែកុម្ភៈ TikTok បានប្រកាសថា ខ្លួនកំពុងបង្កើតមុខងារថ្មី ដើម្បីអាចកំណត់អាយុអ្នកប្រើប្រាស់យុវវ័យទាក់ទងនឹងប្រភេទមាតិកាមួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់។ ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញអំពីប្រព័ន្ធវាយតម្លៃរបស់ខ្លួន ដែលហៅថា Content Levels ដែលពួកគេគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះជាការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី 14 ខែកក្កដាឆ្នាំ 2022
ខណៈពេលដែលមាតិកាសម្រាប់មនុស្សពេញវ័យ (adult content) ត្រូវបានហាមឃាត់នៅលើវេទិកា ប៉ុន្តែខ្លឹមសារមួយចំនួននៅក្នុងកម្មវិធីអាចមាន ខ្លឹមសារសម្រាប់តែមនុស្សចាស់ទុំ ឬទាក់ទងទៅនឹងព្រឹត្តិការណ៍ហិង្សាដែលសម្រាប់តែអ្នកប្រើប្រាស់ដែលមានវ័យចំណាស់។ កម្រិតរបស់មាតិកាត្រូវបានរចនាឡើងដើម្បីកំណត់មាតិកាបែបនេះ ជាមាតិកាសម្រាប់មនុស្សពេញវ័យ ហើយវានឹងត្រូវបានបិទកុំឱ្យអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ទៅ ១៧ឆ្នាំមើលឃើញ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ , គួរបញ្ជាក់ដែរថា ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីបន្ថែមមុខងារក្នុងការកំណត់អាយុរបស់អ្នកប្រើប្រាស់ទៅលើមាតិកាមួយចំនួននេះ បន្ទាប់ពីមានការស៊ើបអង្កេតរបស់សភា សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដែលពួកគេបានទាមទារឱ្យក្រុមហ៊ុនធ្វើការកែសម្រួលក្នុងការសរសេរកម្មវិធីដើម្បីចៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលលើកតម្កើងបញ្ហាការហូបចុក គ្រឿងញៀន និងអំពើហិង្សាដល់យុវវ័យ។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ TikTok ក៏ត្រូវបានប្តឹងដោយឪពុកម្តាយដែលកូនរបស់ពួកគេបានស្លាប់ បន្ទាប់ពីការធ្វើតម្រាប់ប៉ុនប៉ងប្រឈមមុខនឹងគ្រោះថ្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានឃើញនៅលើវេទិការបស់ TikTok៕
ដោយ ៖ សិលា