ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះពីសកម្មភាពសង្ខេបរបស់ ស.ស.យ.ក. ទូទាំងប្រទេស សម្រាប់រសៀលថ្ងៃនេះ ដោយលើកឡើងមកបញ្ជាក់ថា,
ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ យុវជនស.ស.យ.ក.ខេត្តបាត់ដំបង ចំនួន១០០នាក់ បានចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធាបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក សុខ លូ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ព្រមទាំងបានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត យុវជនកាយរឹទ្ធិ កាកបាទក្រហម និងប្រជាពលរដ្ឋ សរុបចំនួន១៥៥១នាក់ នៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
ខេត្តកែប៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើកវគ្គបណ្តុះបណ្តាលធុរកិច្ចជាតិ សម្រាប់យុវជន ឆ្នាំ២០២២ ជូនដល់យុវជន សសយក និងសិស្សានុសិស្ស ក្រោមអធិបតីភាព លោក ងួន ច័ន្ទសុជាតា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ យុវជន សសយក និងសិស្សានុសិស្សសរុបប្រមាណ ១០០នាក់ ។
ខេត្តតាកែវ៖ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមជាមួយលោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លកបានអញ្ជើញនាំយកទៀនវស្សា ព្រមទាំងទ័យទានមួយចំនួនរបស់ក្រុមការងារតជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក ប្រគេនដល់វត្តភ្នំដា ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុក លោកអាចារ្យ គណៈកម្មការវត្តភ្នំដា អញ្ជើញចូលរួម ផងដែរ។
វិស័យធម្មការ និងសាសនា៖ កាលពីរសៀល ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ លោក ហ៊ឹម និមល ប្រធាននិងសមាជិក សមាជិកា តំណាងគ្រួសារ ស.ស.យ.ក វិស័យធម្មការនិងសាសនា បានទៅសួរសុខទុក្ខអំពីសុខភាពរបស់កញ្ញា ហ៊ឹម ធីតាកែវ សមាជិកា ស.ស.យ.ក វិស័យធម្មការនិងសាសនា ដែលបានជួបឧប្បត្តិហេតុគ្រោះរថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានកញ្ញាដោយផ្ទាល់។
វិស័យយុត្តិធម៌៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដោយមានកិច្ចសហការពី ស.ស.យ.ក.វិស័យុត្តិធម៌ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ខេត្តសៀមរាប៖ កាលពីថ្ងៃ ១១ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារលេខាធិកាដ្ឋាន តំណាងលោកប្រាក់ វណ្ណៈ ប្រធាន ស.ស.យ.ក ស្រុកប្រាសាទបាគង បានដាំនាំប្អូនៗ ស.ស.យ.ក វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ប្អូនៗស.ស.យ.ក វិទ្យាល័យតាអី ចូលរួមសិក្ខាសាលា ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណ សាលាស្រុកប្រាសាទបាគង ផងដែរ ។
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារយុវជនឌីជីថល នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ង៉ែត ចាន់សុខ បានជួប ពិភាក្សាជាមួយ លោក សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការណ៍ក្នុងការបណ្ដុះបណ្ដាលវគ្គខ្លីរួមមាន៖ ថ្នាក់កុំព្យូទ័រការិយាល័យ ភាសាបរទេស កាត់តវីដេអូ ឌីជីថលម៉ាឃីតធីង ឌីហ្សាញ រដ្ឋបាលសាធារណៈ គណនេយ្យ សរសេរកូដ ផលិតវីដេអូផ្សព្វផ្សាយ បង្កើតពិភពសប្បនិម្មិត្ត ជូនទៅដល់សិស្ស និស្សិតដែលកំពុងសិក្សានៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សាទូទាំង រាជធានីភ្នំពេញ។
ខេត្តកំពង់ស្ពឺ៖ ស.ស.យ.ក ស្រុកថ្ពង បានមូលមតិគ្នារួមបច្ច័យគ្នាដេីម្បីចូលរួមជាមួយលោកអភិបាលស្រុក ហែទៀនចំណាំព្រះវស្សាទៅកាន់វត្តភ្នំបាត ឃុំប្រាំបីមុម បាននាំយកនូវ៖ ថវិកា ៤០៤,០០០៛ មី ២កេស ទឹកដោះគោ ១ឡូ ស្កសរ ២គីឡូ តែ ៦កញ្ចប់ ។
កំពង់ចាម៖ លោក អៀង លីដា ប្រធាន ស.ស.យ.ក. ស្តីទី ស្រុកព្រៃឈរ បានចូលរួមពិភាក្សាជាមួយ លោកមេឃុំក្រូច សមាជិកក្រុមប្រឹក្សាឃុំ និង ប្រធាន ស.ស.យ.ក. ឃុំក្រូច ដើម្បីរៀបចំទីតាំងដីមួយកន្លែងជាដីសារធារណៈ ក្បែរសាលាឃុំក្រូច ដើម្បីក្លាយជាទីកន្លែងហាត់ប្រាណលំហែកាយសម្រាប់ប្រជាពលរដ្ឋ រស់នៅ ក្នុងឃុំក្រូច ស្រុកព្រៃឈរ ។ ជាលទ្ធផលក្រោយកិច្ចពិភាក្សា ឃុំបានដាក់ផែនការក្នុងការអនុវត្តការងារនេះនៅដើមខែសីហាខាងមុខ ៕
ដោយ ៖ សហការី