ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៣នាក់ រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសុទ្ធទម្ងន់៥១២,៤៥ក្រាម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រ្កាបបានកាលពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ នៅចំណុចភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផាត សុភី ហៅ មុំ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
២-ឈ្មោះ ចាន់ ធាហៅកូវ ភេទប្រុ ស អាយុ ៣៧ឆ្នាំមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ សំ ដារ៉ា ភេទប្រុស អា យុ ៣៤ឆ្នាំ មាន ទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ទម្ងន់ ៥១២,៤៥ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) ,កូន សៀវភៅបញ្ជីទិញលក់ថ្នាំញៀន ០១ក្បាល
-លិខិតឆ្លងដែនចំនួន ០១ក្បាល មានលេខ N019092385
-ម៉ូតូចំនួន ០៣គ្រឿង (១.ម៉ាកហុងដាឃ្លីក ពណ៌ស បិតស្គុតពណ៌ផ្កាឈូក គ្មានស្លាកលេខ (ចាស់),២.ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ (ចាស់) ,៣.ម៉ាកអ៊ិចសាយទ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1U-3344 (ស្លាកលេខក្លែងក្លាយ) ។
ក្នុងនោះជនសង្ស័យឈ្មោះ ផាត សុភី ហៅ មុំ មានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ២៧ ២ ត.ព្រ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ របស់ លោក ជា វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ផងដែរ ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី