ខេត្តឧត្តរមានជ័យ ៖ លោក គន់ គីម ប្រធាន គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា សូមជម្រាបជូនដល់បងប្អូនអតីតយុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តសៀមរាម ដែលពុំមានដីនិងផ្ទះសម្រាប់ស្នាក់នៅហើយស្មគ្រ័ចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យដែលសមាគមអតីតយុទ្ធជន បានរៀបចំដីនិងសាងសង់ផ្ទះសម្រាប់ផ្តល់ជូន។
លោកបញ្ជាក់ថា, ក្នុងនាមអនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក. សូមអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនរៀបចំដាក់ពាក្យស្នើសុំដីនិងផ្ទះតាមរយៈប្រព័ន្ធតេឡេក្រាម និងគេហទំព័ររបស់យើង ឬតាមរយៈ ស.អ.ក.រាជធានី ខេត្ត ស.អ.ក.ស្រុក ក្រុង ឃុំ សង្កាត់ សាខាបុស្តិ៍រដ្ឋបាល ដែលនៅក្បែរផ្ទះរបស់បងប្អូនដើម្បីបញ្ជាក់អំពីស្ថានភាពជីវភាពរស់នៅពិតប្រាកដ ហើយស្ម័គ្រចិត្តទៅរស់នៅដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យពិតមែន។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាបកន្លងមក បងប្អូនអតីតយុទ្ធជនយើងបានស្នើសុំដីនិងផ្ទះ ហើយបានសន្យានឹងរៀបចំជូនបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រួច។
អាស្រ័យដូចនេះ សូមបងប្អូនអតីតយុទ្ធជនមេត្តារួសរាន់ទៅដាក់ពាក្យដើម្បីទទួលបានដី និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ៕
ដោយ ៖ សហការី