ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សារក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២​នេះថា​៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការស្រុក​ កាលពីថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ​ បានធ្វើការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំនុចភូមិភ្នំគល់ ឃុំកន្ទឺ២ស្រុកបាណន់​។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ចិន ជិញជុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ និងដកហូតសម្ភារៈជាវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់,ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកReaLme (ទូរស័ព្ទចាស់),ម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1W-8109 ។

នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១១និង១០នាទីព្រឹក ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកបានណន់ បានបន្តប្រតិបត្តិការនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ត្រង់ចំនុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។ ជនសង្ស័យមានឈ្មោះ ពូន រី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់,ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន,សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យទាំង២នាក់ ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖