ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង និងមានការឯកភាពជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ហើយដែលជាថ្នាក់ដឹកនាំបន្ដវេនប្រកបដោយសក្ដានុពល និងស្មារតីទទួលខុសត្រូវខ្ពស់នោះ បានមានប្រសាសន៍លើកឡើងថា , ដើម្បីខ្មែរមានឯករាជ្យ និងម្ចាស់ការខ្លួនឯង មិនអាចឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាននោះ ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង និងមានការឯកភាពជាតិតែម្ដង។

សូមជម្រាបជូនថា, តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើ Facebook នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមផ្ទៃក្នុងដែលធ្លាប់ការកើតមាន គឺបណ្ដាលមកពី លន់ នល់ ធ្វើរដ្ឋប្រហារឲ្យខ្មែរបែកបាក់ជាពីរ ដូច្នេះហើយបានជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ដទៀតថា,  ការស្នេហាជាតិ និងស្រលាញ់ខ្មែរពិតប្រាកដមិនមែនស្ថិតត្រឹមតែលើមាត់និយាយនោះទេ ពោលត្រូវតែរួបរួមគ្នា ពង្រឹងនូវការសាមគ្គីភាព និងពង្រឹងសេដ្ឋកិច្ចជាតិ មិនមែនទៅហៅបរទេសឲ្យមកបំផ្លាញខ្មែរនោះទេ។ ហើយក៏មិនមែនស្រលាញ់ខ្មែរ ដើម្បីតែខ្លួនឯងត្រូវការអំណាចនោះទេ។

លោកអះអាងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកជីវិតធ្វើដើមទុន តស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ តាំងពីសម្ដេចមិនទាន់មានអំណាចមកម្ល៉េះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ម្ចាស់ការ រឹងមាំខ្លួនឯង ហើយឯកភាពជាតិ ខ្មែរត្រូវស្រលាញ់ខ្មែរ ខ្មែរត្រូវជួយគ្នា ខ្មែរត្រូវពង្រឹងនូវកូនខ្មែរ សេដ្ឋកិច្ចខ្មែរ មិនត្រូវទៅបរទេសមកបំផ្លាញខ្មែរទេ ត្រូវយកមិត្តភ័ក្រជួយយើងពង្រឹងយើង នេះបានគេហៅថាស្រលាញ់ខ្មែរមែន។ ខ្មែរស្រលាញ់ខ្មែរ មិនមែនស្រលាញ់តែមាត់នោះទេ មិនមែនស្រលាញ់អំណាចខ្លួនឯង ស្រលាញ់ខ្មែរនៅពេលដែលខ្លួនឯងបានអំណាចនោះទេ សម្ដេចមិនទាន់មានអំណាចទេ នៅពេលដែលគាត់ចេញច្បាំងតស៊ូ»។

ជាមួយគ្នានេះ លោកក៏បានរំលឹកអំពី គោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលបានធ្វើឲ្យខ្មែរក្រហមទម្លាក់អាវុធចុះរួបរួមគ្នា ដើម្បីបញ្ចប់សង្គ្រាម គ្រាដែលបរទេសធ្លាប់ចំណាយលុយរាប់ពាន់លាន ប៉ុន្ដែមិនទទួលបានជោគជ័យ បើគ្មានមិនមានការឯកភាពគ្នា។ 

លោកបណ្ឌិតធ្លាប់មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ៕

ដោយ ៖ សហការី


ចែករំលែក៖