ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាធ្លាក់ចុះ៥០% នាំចេញគ្រាប់ស្វាយចន្ទីជាង ៤០ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ! កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៤១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះពាក់កណ្តាល។

ជាក់ស្ដែង​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជា​ បាននាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ៤១៥ ៥៨០.១៥តោន ថយចុះចំនួន ៥០.៦០% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៤១៣ ៣៦៦.២២តោន ប្រទេសថៃចំនួន ២ ០៥០តោន ប្រទេសឥណ្ឌាចំនួនជាង ១៥០តោន ប្រទេសចិនចំនួន ជាង១៣តោន ប្រទេសជប៉ុនចំនួន ០.១៤តោន និងប្រទេសហ្វីលីពីនចំនួន ០.០៥តោន គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ។

ដោយឡែក​ចំពោះ​ការនាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ៣០១.៤៣តោន ថយចុះចំនួន ៦៨.៣៩% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៣៦.៦៨តោន ប្រទេសថៃចំនួន ១៣៤តោន ប្រទេសជប៉ុនចំនួន ២០.៩៥តោន និងកោះតៃវ៉ាន់ចំនួន ៩.៨០តោន។

សូមជម្រាបថា​ គោលនយោបាយស្វាយចន្ទីកម្ពុជា​ ដែលរំពឹងថាជួយដោះស្រាយបានបញ្ហា ប្រឈមនានា ក្នុងវិស័យស្វាយចន្ទី ដូចជាការដាំដុះរបស់កសិករ និងទីផ្សារ ពេលនេះកំពុងបន្តការពិភាក្សា ត្រួតពិនិត្យដែលនឹងឈានដល់ការដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខ៕

ដោយ​៖សហការី​


ចែករំលែក៖