ទំនាក់ទំនងការទូតរវាងអ៊ុយក្រែន នឹងកូរ៉េខាងជើងមានសភាពតានតឹងដាក់គ្នាក្នុងរយៈពេល ២៤ម៉ោងកន្លងមក ក្រោយកូរ៉េខាងជើងប្រកាសទទួលស្គាល់តំបន់ឯករាជ្យនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ ភ្លាមៗនោះទីក្រុងកៀវក៏បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ផងដែរ។
ក្នុងពេលនេះដែរ ក្រសួងការបរទេសកូរ៉េខាងជើងនាថ្ងៃសុក្រនេះ បាននិយាយថា អ៊ុយក្រែនគ្មានសិទ្ធិលើកឡើងអំពីបញ្ហាអធិបតេយ្យទេ ក្រោយពីខ្លួនបានចូលដៃចូលជើងក្នុងសកម្មភាពអយុត្តិធម៌និងមិនស្របច្បាប់ ដែលបានរំលោភលើអធិបតេយ្យរបស់រុស្សុី។
ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «អ៊ុយក្រែនគ្មានសិទ្ធិទេក្នុងការលើកឡើងអំពីបញ្ហា ឬក៏ឈ្លោះប្រកែកអំពីការអនុវត្តដោយស្របដោយច្បាប់នៃអធិបតេយ្យរបស់យើង បន្ទាប់ពីខ្លួនបានប្រព្រឹត្តទង្វើដែលខ្វះតម្លាភាព និងភាពយុត្តិធម៌ជាខ្លាំង រវាងប្រទេសនឹងប្រទេស តាមរយៈការចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយអរិភាព ដែលអយុត្តិធម៌និងមិនស្របច្បាប់របស់សហរដ្ឋអាមេរិក កាលពីពេលកន្លងមក»។
ក្រសួងការបរទេសកូរ៉េខាងជើង បានបន្តថា «យើងនឹងបន្តពង្រឹងក៏ដូចជាអភិវឌ្ឍចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសទាំងអស់ដែលគោរពអធិបតេយ្យរបស់យើង ហើយធ្វើការជាមួយយើង ដោយឈរលើគោលការណ៍សមភាព អធិបតេយ្យ, មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពគ្នាទៅវិញទៅមក»។
កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានប្រកាសគាំទ្រតំបន់ផ្តាច់ខ្លួនចំនួន២នៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ ដូចទៅនឹងប្រទេសរុស្ស៉ីដែរ។ ប្រការនោះក៏បានជំរុញឱ្យទីក្រុងកៀវ ប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយហៅវាថាជា ទង្វើប៉ុនប៉ងបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA