ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៥ខែ កក្កដា ឆ្នាំ ២០២២ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ស្ថិតនៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ ប៊ុនលី ហៅ តឿ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០២ ថង់ ទម្ងន់ ៤,៩៧ ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទចំនួនដៃ ០១ គ្រឿង
-ដែកកេះចំនួន ០១
-បំពង់កែច្នៃសម្រាប់ជក់គ្រឿងញៀន ០១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាង សំណុំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
ដោយ៖អារុណរះ