ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរឹបអូសឈើប្រណីតនិងឈើលេខ១ជាង២៤០កំណាត់នៅស្រុកសំបូរ ខេត្តក្រចេះ

ចែករំលែក៖

     ខេត្តក្រចេះ ៖ ឈើប្រណីតនិងឈើអារប្រភេទលេខ១ប្រមាណជាង២៤០កំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងរឹបអូសនៅទីតាំង៣កន្លែងផ្សេងគ្នា ។

   ប្រតិបត្តិការនេះកម្លាំងចម្រុះបានធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅរសៀលថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

    ប្រភពបានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះមានការដឹកនាំដោយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងលោក រ៉ាបូរ៉ាន់ឌី  ដោយបានរឹបអូសឈើប្រណីត និងឈើអារលេខ១បានជាច្រើនម៉ែត្រគូប នៅទីតាំង៣កន្លែងផ្សេងគ្នា។

    ដោយមានការចូលរួមសហការពីផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ កម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍន: ខេត្តកំពង់ចាម នគរបាលសេដ្ឋកិច្ចក្រសួង រួមទាំងអាជ្ញាធរភូមិ-ឃុំផងដែរ។

    ឈើប្រណីតនិងឈើអារលេខ១(បេងនិងសុក្រម)ដែលកម្លាំងសមត្ថកិច្ចចម្រុះដកហូតបានសរុបមានចំនួន២៤១ដុំក្នុងនោះមានឈើប្រណីតប្រភេទឈើ(បេង)ចំនួន៥០ដុំ។ 

    ទីតាំងទី១កម្លាំងសមត្ថកិច្ចដកហូតនៅផ្ទះឈ្មោះ វ៉ាន់ គឹមឆេង ភេទប្រុសអាយុ៧២ឆ្នាំ ជាគណ:កម្មការអាចារវត្តព្រែកគ្រៀង បានឈើបេងចំនួន៥០ដុំ និងឈើសុក្រមចំនួន១៣៧ដុំ។

   ទីតាំងទី២នៅក្នុងដីលំនៅឋានឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ៤២ឆ្នាំ រឹបអូសបានឈើសុក្រមចំនួន៣៤ដុំ។  ចំណែកទីតាំងទី៣ នៅក្នុងដីលំនៅឋានឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន បានឈើសុក្រមចំនួន២០ដុំ។

    ការដកហូតឈើអារជាច្រើនម៉ែត្រគូបខាងលើនេះគឺជាបទល្មើសធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅត្រង់ចំណុចភូមិព្រែកគ្រៀង ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។

       បច្ចប្បន្នវត្ថុតាងទាំងអស់ដែលបានដកហូតបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍន:ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖