ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារខណៈប្រទះឃើញបុរសចំណាស់ម្នាក់ដេកស្លាប់នៅវាលស្រែខាងលិចផ្ទះចម្ងាយ ១៥០ម៉ែត្រសង្ស័យ គោបូស ហើយបណ្ដាលឱ្យដួលឈ្លក់ទឹកស្រែ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២២ស្ថិតនៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ អ៊ុក សារួន អាយុ៥៦ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងស្ដៅ បានទទួលព័ត៌មានពីលោកមេភូមិត្រពាំងឈ្នាងថាមានឈ្មោះ អ៊ុក សារួន បានស្លាប់នៅវាលស្រែខាងលិចផ្ទះចម្ងាយ ១៥០ម៉ែត្រ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្ដៅបានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើការស្រាវជ្រាវនិងពិនិត្យដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិតចាន់ ធា ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែករមាសហែកដោយសន្និដ្ឋានថាសាកសពមានរបួសរង្វង់មូលលើថ្ពាល់ខាងស្ដាំទំហំ១សង់ទីម៉ែត្រអាចជាស្នែងគោ បូស ហើយដួលឈ្លក់ទឹកស្រែស្លាប់ ខណៈមិនមានពាក់ពន្ធ័ករណីផ្សេងពីនេះទេ ដោយបងប្អូនជិតខាងបានឱ្យដឹងថាមេគោរបស់គាត់ កាចណាស់បូសមិនរើសម្ចាស់ឡើយ។
បើតាមឈ្មោះ យិន ស្រីនី ភេទស្រី អាយុ៤៣ឆ្នាំត្រូវជាប្អូនថ្លៃជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ៨ព្រឹក ខ្លួនបានទៅច្រូតស្មៅនៅវាលស្រែខាងត្បូងផ្ទះដោយឈ្មោះ អ៊ុក សារួន បានដឹកគោញី២ ក្បាល ចេញពីផ្ទះទៅវាលស្រែខាងលិច តែខ្លួនមិនបានចាប់អារម្មណ៍ទេ ពេលច្រូតស្មៅរួចក៏ត្រឡប់មកផ្ទះវិញតាមផ្លូវផ្សេងគ្នា។
លុះដល់ម៉ោង១៥ និង ៣០នាទីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២២ស្រាប់តែឈ្មោះ ស្រី សារិន ភេទស្រីរស់នៅភូមិឃុំជាមួយគ្នាបានទៅកាត់ស្មៅនៅក្នុងស្រូវខាងត្បូងភូមិចាស់ខាងលិចផ្ទះស្រាប់តែប្រទះឃើញស្លាប់នៅក្នុងទឹកស្រែក្បែរចំណង គោញីទាំង២ក្បាល ខណះមានរបួសដាច់នៅថ្ពាល់ខាងស្ដាំផងដែរ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ យឹម សុថាន