ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មពួកបញ្ជូនខ្លួនជនសង្ស័យ២នាក់ចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ទៅស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលស្រុកថ្មពួកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៦ខែកក្កដា២០២២ដើម្បីចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់និងស្រាវជ្រាវរកឃើញនូវសារធាតុញៀនខុសច្បាប់។

លោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូបានចុះការពារកម្មវិធី​ប្រគំតន្ត្រី(ខនសឺត) នៅចំណុចផ្សារធំគំរូថ្មី ស្ថិតក្នុងភូមិសាស្ត្រភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ) ឈ្មោះខឿន ញី ហៅខ្ញី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ដោយឆែកឆេររកឃើញម្សៅក្រាមសថ្លា(សង្ស័យជាថ្នាំញៀន)ចំនួន០៣ថង់តូច និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហម១ជ្រុងដាក់ក្នុងកាបូបក្រវាត់ចង្កេះដែលជនសង្ស័យបានគ្រវែងបោះចោលនៅក្បែរខ្លួន។ ក្រៅពីនេះក៏បានដកហូតម៉ូតូ០១គ្រឿង , ទូរស័ព្ទដៃ១គ្រឿង, បំពង់ប៊ឺត២កំណត់, ដែកកេះចំនួន០១, អំពូលភ្លើងកែច្នៃចំនួន១ដែលដាក់ក្នុងកាបូបក្រវាត់ចង្កេះនោះ ។       ជនសង្ស័យក្រោយពីឃាត់ខ្លួននិងធ្វើតេស្តទឹកនោមរកសារធាតុញៀន គឺវិជ្ជមាន។

   លោកអធិការបានបន្តថា៖ ក្រោយពីឃាត់ខ្លួននិងធ្វើការសាកសួរជនសង្ស័យរួច កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំគោករមៀត នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អន ចិន្ដា  ហៅហ៊ុប ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ដោយដកហូតបានវត្ថុតាងម្សៅក្រាមសថ្លាចំនួន១ថង់តូច និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរអង់គ្លេសWYចំនួន១៥គ្រាប់។

    លោកវរសេនីយ៍ទោ ឈឿន គឺមឈុន បានបញ្ជាក់ថា៖ ចំពោះលទ្ធផលដែលកងកម្លាំងនគរបាលស្រុកថ្មពួកអនុវត្តសម្រេចបាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖