ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតក្នុងន័យបង្ខូចកិត្តយស និងបរិហាកេរ្តិ៍ចំពោះលោកវរសេនីយ៍ឯក សាន សុខសីហា ពីសំណាក់សារព័ត៌មានមួយចំនួនតូច។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា កន្លងមកក្នុងឆ្នាំមុនៗគឺមានបាតុភាពជាច្រើនទាក់ទងទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កការកកស្ទះ និងបាតុភាពផ្សេងៗទៀតជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សគឺយើងបានណែនាំទៅមន្ត្រីជំនាញដែលអនុវត្តតាមគោលដៅឲ្យពង្រឹងលើការងារ តាមបទបញ្ជា និងតាមសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានតឹងរឹងបំផុត។
ចាប់ពីខែតុលា ឆ្នាំ២០២១មក យើងបានអនុវត្តវិធានការទាំងនេះរួចមក យើងសង្កេតឃើញថា ស្ទើរតែមិនមានឡានធំចេញចូលក្រុងខុសម៉ោង លើកលែងករណីចន្លោះប្រហោងតិចតួច វាអាចនៅមានខ្លះ ចំពោះរថយន្តដឹកផ្តេសផ្តាសផ្សេងៗក៏ដូចគ្នា។
ចំពោះករណីដែលរថយន្តមួយចំនួនមានពាក់ផ្លាកសម្គាល់ផ្សេងៗគឺជារឿងផ្លាកសម្គាល់របស់សាមីខ្លួនរបស់ក្រុមហ៊ុន។ ជាធម្មតាអ្នកដែលអនុវត្តគឺតែងតែប្រឈមនឹងការខុសតិចតួច និងប្រឈមនឹងបញ្ហាអ្នកដែលគេប៉ះពាល់ផលប្រយោជន៍ គេមិនពេញចិត្ត។ ដូច្នេះពេលដែលយើងអនុវត្តវិធានការតឹងរឹងបែបនេះ ប្រាកដជាមានការមិនពេញចិត្តពីសំណាក់ក្រុមអាជីវកររកស៊ីដឹកល្មេីសច្បាប់មួយចំនួន ដែលមានគំនិតខិលខូចមួយចំនួន ក៏ដូចជាអាចមានមន្ត្រីខិលខូចមួយចំនួនតូច ដែលមិនពេញចិត្តនឹងសកម្មភាពដែលយើងអនុវត្តតឹងរឹងតាមវិធានការច្បាប់ តាមបទបញ្ជា ក៏ដូចជាតាមសំណូមពររបស់ប្រជាពលរដ្ឋ ហេតុដូច្នេះហើយវាចេញជាបាតុភាពនេះឡើង។
ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានរៀបចំដាក់ពាក្យបណ្តឹងចំពោះស្ថាប័នព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងបញ្ហាបរិហារកេរ្តិ៍មកលើរូបលោកផងដែរ ។
ខាងក្រោមជារូបភាពរថយន្តដែលល្មេីសច្បាប់មួយចំនួន ដែលមន្ត្រីបានធ្វេីការឃាត់យកមករក្សាទុក ដេីម្បីធ្វេីការណែនាំអប់រំ ក៏ដូចជាធ្វេីការផាកពិន័យតាមច្បាប់៕
ដោយ៖សហការី