ខេត្តស្វាយរៀង ៖ បុរសជាមន្ត្រីឆ្មាំគុក ម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខណ:ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរុឺម៉កពីក្រោយ ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១១៩និង១២០ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ប៉ែន វណ្ណដន អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីពន្ធនាគារ រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១F ១១៣១ ខូចខាតទាំងស្រុង។
ចំណែកអ្នកបើកម៉ូតូរុឺម៉កមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបើកគេចពីកន្លែងកើតហេតុ ភ្លាមៗ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១F ១១៣១លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច និងប្រើប្រាស់ល្បឿនលឿនក៏បុកម៉ូតូរុឺម៉កពីក្រោយ ស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកមកដល់មន្ទីរពេទ្យប៉ុន្តែអកុសលហួសពេលទៅហើយ។
ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕
ដោយ៖យឹម សុថាន