ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តដឹកទំនិញធុនធំកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីជិះកង់លេងតាមផ្លូវក្នុងភូមិ ហើយក៏បានទាក់ដៃចង្កូតជាមួយរថយន្តបង្កធ្វើឱ្យដួលចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវបេតុង ទល់មុខផ្សារព្រែកឯង ក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ ហែម ច័ន្ទហេង អាយុ៩ឆ្នាំ ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សាព្រែកឯង ស្នាក់នៅជាមួយឪពុកម្ដាយក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលឃេីញហេតុការណ៍ខាងលើបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញ ក្មេងប្រុសរងគ្រោះជិះកង់ពណ៌លឿងធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិពីជើងទៅត្បូង លុះមកដល់ចំណុចកេីតក៏ស្រាប់តែមានបុរសម្នាក់បេីករថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5450 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាក៏ជ្រុលទៅកៀរដៃចង្កូតកង់ដែលជិះដោយក្មេងប្រុសខាងលើ បណ្ដាលឱ្យដួលចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមរថយន្ត។ ចំណែកខាងអ្នកបេីកបររថយន្តបង្កហេតុវិញពេលឃើញហេតុការណ៍បែបនេះក៏បេីកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលទៅ។
បន្តិចក្រោយមកដំណឹងនេះក៏បានឮដល់ឪពុកម្ដាយរត់មកកន្លែងកើតហេតុ និងបានយំសោកស្តាយកូនជាទីស្រលាញ់ ដោយបានពោលថា មុនពេលកេីតហេតុ កូនប្រុសគាត់បានសុំលុយ១ពាន់រៀល យកទៅទិញអីហូប ហើយពេលគាត់ឱ្យលុយទៅមិនដឹងថាកូនរបស់គាត់ទៅខ្ចីកង់អ្នកណាជិះនោះទេបានជាមកជួបហេតុការណ៍ដ៏អាក្រក់នេះ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញបានធ្វើលិខិតប្រគល់សពក្មេងប្រុសឱ្យទៅឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងកង់ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដំណោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ